អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់ថា ពលករខ្មែរខុសច្បាប់ ៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ខ្លួន ត្រូវបានអន្តរាគមន៍ឱ្យធ្វើមាតុភូមិនិវត្តន៍វិញ

ភ្នំពេញ ៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា មានពលករខ្មែរខុសច្បាប់ចំនួន ៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ ត្រូវបានអន្តរាគមន៍ និងសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍វិញ។ ឯកឧត្តម កុយ គួង បានបញ្ជាក់ថា «ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧០នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា»។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើ មកមាតុប្រទេសវិញ នៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី០៤ និងព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏បានឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧២នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា និងត្រូវបានអន្តរាគមន៍ និងសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍វិញផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner