ឯ ឧ​ វ៉ាត់ ចំរើន រំពឹងថា សិក្ខាកាមដែលបញ្ចប់វគ្គរដ្ឋបាលកីឡានេះ នឹងអាចក្លាយទៅជាអ្នកស្ម័គ្រចិត្ត សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

វគ្គសិក្សាសាមគ្ដីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ប្រចាំឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ បន្ទាប់ពីវគ្គរដ្ឋបាលកីឡា នៅខេត្តរតនគីរី ជាវគ្គទី៤ចុងក្រោយត្រូវបានបញ្ចប់ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២ ក្រោយដំណើរការរយៈពេល៤ថ្ងៃ តាមប្រព័ន្ធបច្ចេកវិទ្យា Zoom ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជាគ្រូឧទ្ទេសប្រចាំវគ្គមានប្រសាសន៍ថា មន្ត្រីគ្រូអប់រំកាយ និងកីឡា ខេត្តរតនគីរី ដែលបានចូលរួមសិក្សាក្នុងវគ្គនេះទទួលបាននូវចំណេះដឹង ក្នុងការកសាងសមត្ថភាពបន្ថែមជំរុញដល់ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាប្រចាំខេត្តមួយនេះកាន់តែរីកចម្រើនបន្ថែមទៀតផង ។

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខា ធិការដាក់ក្តីសង្ឃឹមថា សិក្ខាកាមនៃវគ្គសិក្សារដ្ឋបាលកីឡាទាំងអស់នឹងជួយដល់ការរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣របស់កម្ពុជាយើងផងដែរ។ អ្វីដែលពិសេស ឯកឧត្តមរំពឹងថា សិក្ខាកាមនៅខេត្តរតនគីរីនេះនឹងអាចក្លាយទៅជាអ្នកស្ម័គ្រចិត្ត សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងផ្តល់ការលើកទឹកចិត្ត និងចាត់ទុកថា អ្នកស្ម័គ្រចិត្តទាំងអស់ ក្នុងរង្វង់១ម៉ឺននាក់គឺជាឯកអគ្គរាជទូតសុឆន្ទៈនៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាទៀតផង ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៤ និងជាវគ្គចុងក្រោយប្រចាំឆ្នាំ២០២១ បន្ទាប់ពីវគ្គរដ្ឋបាលកីឡានេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញដូចៗគ្នាដោយជោគជ័យជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកែប ក្រោមការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេស៣រូប គឺឯកឧត្តម វ៉ាត់ ចំរើន, លោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុក សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិត ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner