អគ្គប្រដាល់សកល បញ្ជាក់ថា ថ្ងៃទី១៤ វិច្ឆិកាខាងមុខនេះ អ្នកប្រដាល់ដណ្តើមប្រាក់លាន Ultimate Boxing Championship សិតសឹងតែជើងខ្លាំង

កាន់តែកក្រើកទៀតហើយ សម្រាប់ការប្រកួតប្រដាល់សកល Ultimate Boxing Championship 2021 នាល្ងាចថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំគូដណ្តើមប្រាក់លាន រហូតដល់៣គូ ដោយក្នុងនោះមានបេក្ខភាពកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា៣នាក់ និង៣គូផ្សេងទៀត នៅសង្វៀននាយកដ្ឋានអង្គរក្ស ដោយមានការផ្សាយផ្ទាល់ពីផេកសហព័ន្ធ និងផេកដៃគូមួយចំនួនទៀត។


លោក ប៊ុយ សុភ័ណ្ឌអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាគូសបញ្ជាក់ថា សម្រាប់ការប្រកួតគូដណ្តើមប្រាក់លានចំនួន ៣ប្រកួតនេះ គឺកីឡាករ២នាក់ត្រូវលេង២ប្រកួតដូចៗគ្នា ក្នុងថ្ងៃតែមួយ នាថ្ងៃទី១៤ ខែវិច្ឆិកានេះ ដោយនៅថ្ងៃទី២៨ ខែវិច្ឆិកា ជាការប្រកួតចុងក្រោយហើយអញ្ជឹងត្រូវប្រកួតសន្សំពិន្ទុឲ្យចប់ត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា។ សម្រាប់ប្រដាល់សកលប្រកួត ២ប្រកួតក្នុងថ្ងៃតែមួយមិនមានបញ្ហាទេ ព្រោះប្រកួតតែ ៣ទឹកប៉ុណ្ណោះ។


សម្រាប់គូដណ្តើមប្រាក់លាន៣ប្រកួត លើប្រភេទទម្ងន់ ៦៥,៥គីឡូក្រាម រួមមាន៖ កីឡាករជម្រើសជាតិប្រដាល់សកល វី សុភ័ស ប៉ះជាមួយជម្រើសជាតិ ម៉ាង ព្រហ្មម៉ាញ, ម៉ាង ព្រហ្មមាញ់ បន្តប៉ះជាមួយ សែត សារឹត មកពីសមាគមកីឡាប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វី សុភ័ស បន្តប៉ះជាមួយ កីឡាករជម្រើសជាតិ ទូច ដេវីត ដោយត្រូវប្រកួតសន្សំពិន្ទុ ឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ។ ក្រៅពី៣ប្រកួតដ៏ទាក់ទាញប្រចាំសប្តាហ៍នេះ ក៏មាន៣ប្រកួតផ្សេងៗទៀត សរុប ៦គូ។


លោក ប៊ុយ សុភ័ណ្ឌ បញ្ជាក់ថា ព្រឹត្តិការណ៍ Ultimate Boxing Championship 2021 នេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីជម្រើសជាតិ និងនៅតាមបណ្តាក្លិបនានាបានបញ្ចេញសមត្ថភាពនៅលើសង្វៀន ក៏ដូចជាពង្រឹងគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិត្រៀមឆ្ពោះទៅប្រកួតប្រជែង មេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ និងគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីបង្កើនគោលដៅធ្វើយ៉ាងណាឲ្យឈ្នះមេដាយមាស១ គ្រឿងយ៉ាងតិច ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner