ឯកឧត្តម ទៀ សីហា ថ្លែងអំណរគុណចំពោះ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ត ដែលតែងតែជួយជ្រោមជ្រែងលើកិច្ចសហការប្រតិបត្តិការ ជាពិសេសគម្រោងអភិវឌ្ឍក្នុងខេត្តសៀមរាប

សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក MITORI Naoki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដែលកន្លងមក លោក និងសហការី តែងតែសហការ និងជួយជ្រោមជ្រែងលើកិច្ចសហការប្រតិបត្តិការ ជាពិសេសគម្រោងអភិវឌ្ឍក្នុងខេត្តសៀមរាប ។

ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ លោក Mitori Naoki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប ដែលផុតអាណិត្ត ចូលជួបសម្តែងការគួរសម និងជម្រាបលា ដោយមានការអញ្ជើញចូលរួមពីលោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប ដែលទើបតែងតាំងថ្មី នៅបន្ទប់ប្រជុំលេខ០៣ សាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

ឯកឧត្តម ទៀ សីហា បន្តថា ខេត្តសៀមរាបបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងចំនួន ០៣ របស់ជប៉ុន រួមមាន៖ ក្រុងកូតា (kota) នៃខេត្តអាយធំ បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១០។ ខេត្តខាណាហ្គាវ៉ា (Kanagawa) បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្រុងកូម៉ាត់ស៊ុយ (Komatsu) បានចុះហត្ថលេខារួមគ្នាលើលិខិតផ្តួចផ្តើមស្តីពីការបង្កើតសម្ព័ន្ធមេត្រីភាព កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ក្នុងគោលបំណងផ្តោតសំខាន់លើវិស័យកសិកម្ម អប់រំ សង្គមកិច្ច សុខាភិបាល ការងាររដ្ឋបាលសាធារណៈ វិស័យវប្បធម៌ សេដ្ឋកិច្ច បរិស្ថាន និងទេសចរណ៍។ចំពោះការងារកិច្ចសហប្រតិបត្តិការ ឯកឧត្តម អភិបាលខេត្ត បានបន្តថា យើងផ្តើមចេញពីទំនាក់ទំនងដែលមានផ្លែផ្កានេះហើយ ទើបយើងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

លោក KAWAGUCHI Maski ប្រធានការិយាល័យកុងស៊ុលជប៉ុន ខេត្តសៀមរាប ដែលត្រូវទទួលតួនាទីបន្ត ប្តេជ្ញារិតចំណងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន ដោយជម្រុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត ស្របពេលដែលខេត្តសៀមរាប នឹងត្រូវបើកខេត្តឡើងវិញ នៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ ។

គួររំលឹកផងដែរថា ជាមួយគ្នានោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បន្តជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Le Tuan Khanh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ហើយខេត្តសៀមរាប បានចងសម្ព័ន្ឋមេត្រីភាពជាមួយខេត្ត-ក្រុងចំនួន ០៣ របស់វៀតណាម រួមមាន៖ ខេត្តធូធានវ៉េ (Thua Thien Hue) បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពីការពង្រឹងកិច្ច សហប្រតិបត្តិការ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០២។ -ខេត្តក្វាងណាម (Quang Nam) បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្ន នៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៧។ ខេត្តបារៀ-វង់តា (Baria-VungTau) បានចុះហត្ថលេខារួមគ្នាលើលិខិតផ្ដួចផ្ដើមស្ដីពីការបង្កើត សម្ព័ន្ធមេត្រីភាព កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្ដោតសំខាន់លើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ អប់រំនិងណ្ដុះបណ្ដាលដោយឈរលើគោលការណ៍ នៃផល ប្រយោជន៍រួមគ្នា និងស្មើភាពគ្នា ។

ខេត្តតៃនិញ បានចុះផែនការកិច្ចសហប្រតិបត្តិការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងទ័ព ស្ម័គ្រចិត្តវៀតណាម ដែលបានពលីជិវីក្នុងសម័យសង្គ្រាមនៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបើកប្រទេសឡើងវិញ ឯកឧត្តម សង្ឃឹមជឿជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបរៀបចំវេទិកានឹងបន្ត និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋឡើងវិញតាមបែបកន្លងថ្មី ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនិងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner