តុលាការចេញដីកាលក់ដោយបង្ខំផ្ទះដែលជាកម្មសិទ្ធិទណ្ឌិត សម រង្ស៊ី ដើម្បីយកលុយទៅសងម្ចាស់បំណុលចំនួន៤ភាគី

ភ្នំពេញៈតុលាការបានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះដែលជាកម្មសិទ្ធិរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី ដើម្បីយកលុយទៅសងម្ចាស់បំណុលចំនួន៤ភាគី ដែលក្នុងនោះមានដូចជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដែលសរុបជាទឹកប្រាក់ប្រមាណជាង២លាន៥សែនដុល្លារអាមេរិក។

ដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានបង្ហោះ និងចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក ដោយក្រុមអតីតមន្ត្រីនៃអតីទគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ ដីកានេះ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្តសាលាដំបូងរាជធានីភ្នំពេញ។

ផ្ទះដែលជាកម្មសិទ្ធិរបស់ទណ្ឌិត សម រង្ស៊ី គឺស្ថិតនៅផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អតីតស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ)។ យោងតាមដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំផ្ទះ គឺមានចំនួន៤មានដូចជាៈ
១.រវាងម្ចាស់បំណុលនៃការអនុវត្តសម្តេចតេជោ ហ៊ុន សែន និងកូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់ លក់ដោយបង្ខំនូវអចលនវត្ថុមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសងតាមអំណាចសាលដីកាស្ថាពរ លេខ៤៩៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ របស់តុលាការកំពូល។ សិទ្ធិលើបំណុលដែលទាមទារប្រាក់ចំនួន ៤,០០០,០០០,០០០(បួនពាន់លាន)រៀល។
២.រវាងម្ចាស់បំណុលនៃការអនុវត្តសម្តេចក្រឡាហោម ស ខេង និងកូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោកមេធាវី ហាក់ សៀកលី , ពេជ្រ សូរិយា និងលោកមេធាវីចៅ ប៊ុនហួន តំណាងដោយអាណត្តិរបស់សម្តេចក្រឡាហោម ស ខេង បានស្នើសុំឱ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់លក់ដោយបង្ខំនូវអចលនវត្ថុមានប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសងតាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរ លេខ ៥៩៦៨”ត” ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់សាលាដំបួងរាជធានីភ្នំពេញ។ សិទ្ធិលើបំណុលដែលទាមទារប្រាក់ចំនួន២,០០០,០០០,០០០(ពីរពាន់លាន)រៀល។
៣.រវាងម្ចាស់បំណុលនៃការអនុវត្តសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងកូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី។ ដោយមានលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេច ហេង សំរិន បានស្នើសុំឱ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់ លក់ដោយបង្គំនូវអចលនវត្ថុមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាលដីកាស្ថាពរលេខ៣៥០ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ សិទ្ធិលើបំណុលដែលទាមទារប្រាក់ចំនួន ២៥០,០០០,០០០ (ពីររយហាសិបលាន)រៀល។
៤. រវាងម្ចាស់បំណុលនៃការអនុវត្ត រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសហកូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី និងឈ្មោះ ជូឡុង ស៊ូមួរ៉ា។ ដោយមានលោកមេធាវី សួង ចាន់ថន និងលោកមេធាវី គួន សារឿន ជាមេធាវីរាជរដ្ឋាភិបាល បានស្នើសុំឱ្យអនុវត្តតាមវិធានបង្ខំដោយផ្ទាល់ លក់ដោយបង្គំនូវអចលនវត្ថុមានប័ណ្ណសម្គាល់សិទ្ធិកាន់ កាប់អចលនវត្ថុ លេខ ភព០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ ចេញដោយមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលនៃការអនុវត្តឈ្មោះ សម រង្ស៊ី និងប្រពន្ធឈ្មោះ ជូឡុង ស៊ូមួរ៉ា ដើម្បីទទួលបានការសង តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៩៧ ក្រ៦ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ។ សិទ្ធិលើបំណុលដែលទាមទារប្រាក់ចំនួន ១,៨០០,០០០,០០០ (មួយពាន់ប្រាំបីរយលាន) រៀល៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner