អ៊ុយក្រែនអះអាងថារុស្សីបានប្រមូលផ្ដុំទាហានជិត ១០០.០០០ នាក់នៅតំបន់ព្រំដែន

ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ុលឌីមៀរ ហ្សេលេនស្គី​បាន​អះអាង​ថា​ប្រទេស​រុស្សី​ប្រមូល​ផ្ដុំ​ទាហាន​ជិត​ ១០០.០០០ នាក់​នៅ​តំបន់​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​របស់​លោក​ ខណៈ​ពេល​ដែល​ការ​ព្រួយ​បារម្ភ​អំពី​ការ​វាយ​លុក​កើន​ឡើង​។

ក្នុង​វីដេអូ​នៃ​ការ​ថ្លែង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ពុធ​ ទី​១០ វិច្ឆិកា​លោក​ហ្សេលេនស្គី​បាន​និយាយ​ថា​សកម្មភាព​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ពិភពលោក​ថា «អ្នក​ណា​ពិត​ជា​ចង់​បាន​សន្តិភាព ហើយ​អ្នក​ណា​ដែល​កំពុង​ប្រមូល​កម្លាំង​ទាហាន​ជិត ១០ ម៉ឺន​នាក់​នៅ​ព្រំដែន​យើង»​។

ប្រទេស​រុស្សី​បាន​ច្រាន​ចោល​ការ​ចោត​ប្រកាន់​ទាំង​នេះ​ថា​ជា​ការ​បង្ក​ហេតុ​ ហើយ​បាន​រិះគន់​ការ​កើន​ឡើង​សកម្មភាព​របស់​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច​ណាតូ (NATO) នៅ​ក្នុង​តំបន់​។ គេ​មិន​ទាន់​ដឹង​អំពី​គោលដៅ​នៃ​ការ​ដាក់​ពង្រាយ​ទាហាន​របស់​រុស្សី​នៅ​ឡើយ​ទេ​។

រូបភាព​ផ្កាយ​រណប​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨ វិច្ឆិកា​ បាន​បង្ហាញ​ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​ដែនដី​រុស្សី​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយក្រែន​ ដែល​គេ​ប៉ាន់ស្មាន​ថា​មាន​ទំហំ​យ៉ាង​ហោច​ណាស់​ ៩០.០០០ នាក់​។ សមាជិក​សភា​អាមេរិក​មួយ​ចំនួន​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ជំរុញ​លោក​ប្រធានាធិបតី​ចូ បៃដិន​ឱ្យ​ធ្វើ​ការ​ឆ្លើយ​តប​ ដោយ​ដាក់​ពង្រាយ​ទាហាន​អាមេរិក​ទៅ​តំបន់​នេះ​វិញ​។មន្ត្រី​អាមេរិក​បាន​ពិគ្រោះ​ជា​មួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​អំពី​ស្ថានភាព​នេះ​ ដោយ​ព្រមាន​ថា​រុស្ស៊ី​អាច​ប៉ុនប៉ង​ឈ្លានពាន​ប្រទេស​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​៕

ប្រភព៖ Fox News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner