តុលាការសម្រេចឃុំខ្លួនបងប្អូនបង្កើត យកដំបងឆក់វៃលើនគរបាល ២រូប រងរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល ៖ លោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២១ បានសម្រេចចេញដីការឃុំខ្លួន បងប្អូនបង្កើត យកដំបងឆក់វៃលើនគរបាល២រូប រងរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ” តាមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសកើតឡើងនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៨និង១០នាទី នៅចំណុច លើស្ពានព្រែកតំបាញ ស្តិតនៅក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។

ជនរងគ្រោះ ០២នាក់ ទី១ឈ្មោះ ភន ភឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅ ភូមិ កំពង់ពោធិ៍ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ទី២ឈ្មោះ ឈិន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ មានទីលំនៅ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បច្ចុប្បន្ន ស្នាក់នៅ ប៉ុស្តិ៍នគរបាលព្រែកដាច់ ។

ជនត្រូវចោទទី១ឈ្មោះ លី រ៉ាវ៉ាន ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។ ទី២ឈ្មោះ លី រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនេសាទ មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

នគរបាលបានប្រាប់អោយដឹងថា នៅម៉ោងប្រហែល១៨និង០០នាទីឈ្មោះ ភន ភឿន និង ឈ្មោះ ឈិន តុលា បានទៅហូបបាយនៅអាហាដ្ឋានខាងជើងព្រែកតំបាញពេលកំពុងហូបបាយក៍មានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទថាមានក្មេងៗ១ក្រុមឈលើស្ពានឡូឡា និងមានកាយវិកាមិនសមរម្យ ភ្លាមនោះជនរងគ្រោះបានជិះម៉ូតូ ទៅមើលលុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះអោយទៅផ្ទះកុំប្រលែងគ្នាលើស្ពានក្រែងមានគ្រោះថ្នាក់ ហើយឈ្មោះ លី រ៉ាវ៉ាន បានស្រែកគំហ៊កមកលើជនរងគ្រោះពេលនោះជនរងគ្រោះបានយកដំបងឆក់ចង្អុលឱ្យជនសង្ស័យដើរទៅផ្ទះ ពេលនោះឈ្មោះ លី រ៉ាវ៉ាន ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធ ដែលត្រូវជាបងប្រុសបង្តើតនោះថា មានគេរកវាយខ្លួន ពេលនោះ ឈ្មោះ លី រ៉ាវុធ បានដើរទៅហើយក៏បាននិយាយថា អ្នកណារកវាយប្អូនអាញ់ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ហើយបានវាយសំពងទៅលើក្បាលជនរងគ្រោះបណ្តាលឱ្យបែកក្បាលពីរកន្លែងដេរចំនួន ១៥ថ្នេរ រីឯជនសង្ស័យជាប្អូនបានស្ទុះមកវាយទៅលើឈ្មោះ ឈិន តុលា ត្រូវចំករ និងទ្រូង ក្រោយពីត្រូវរបួស ជនរងគ្រោះបានរាយការណ៍មកអធិការ ភ្លាមនោះលោកអធិការបានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌ឱ្យដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យទាំងពីរ និងបញ្ជូនមកកាន់អធិកាដ្ឋាន ធ្វើការសាកសួរ ឈ្មោះ លី រ៉ាវ៉ាន និង ឈ្មោះ លី រ៉ាវុធ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពិតប្រាកដមែន ៕ ឆ ដា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner