រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារនៅក្នុងភូមិ ៣ នៃសង្កាត់ផ្សារឆ្នាំង និងបើកការដ្ឋានជួសជុលផ្លូវប្រវែងជាង ២ពាន់ម៉ែត្រ នៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ2021នេះ ឯកឧត្តមសាន់ យូ អភិបាល
រងខេត្តកំពង់ឆ្នាំង តំណាងឲ្យឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអញ្ជើញចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារនៅក្នុងភូមិ ៣ នៃសង្កាត់ផ្សារឆ្នាំង និងបើកការដ្ឋានជួសជុលផ្លូវប្រវែងជាង ២៦០០ម៉ែត្រ នៅក្នុងភូមិទាំង ៣ខាងលើនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និង លើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។

លោក ហ៊ីង ភ័ពមានា អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលអំណោយចំនួន ១០០គ្រួសារក្នុងពេលនេះ គឺមកពីភូមិចំនួន៣ មាន ភូមិផ្សារលើ ភូមិផ្សារឆ្នាំង និងភូមិកោះក្របី នៃសង្កាត់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ចំណែកការបើកការដ្ឋានធ្វើផ្លូវនៅក្នុងភូមិទាំង៣ខាងលើនេះ គឺមានផ្លូវលំចំនួន ៥ខ្សែ បណ្ដោយភូមិ ២ខ្សែ និងទទឹងភូមិ ៣ខ្សែ ស្មើនិងប្រវែង ២.៦៣២ម៉ែត្រ ។ ផ្លូវទាំង៥ ខ្សែនេះ ខ្លះមានទទឹង ៥ ម៉ែត្រ ខ្លះ ១០ម៉ែត្រ និងខ្លះ ១៥ ម៉ែត្រ នៅក្នុងគម្រោងកសាងផ្លូវនេះ គឺផ្លូវ ត្រូវមានទទឹងពី ១០ម៉ែត្រទៅ១៥ ម៉ែត្រ ។

ឯកឧត្តម សាន់ យូ ថ្លែងទៅកាន់ប្រជាពលរដ្ឋថា អំណោយដែលផ្ដល់ជូនបងប្អូននៅក្នុងពេលនេះ គឺជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តកំពង់ឆ្នាំង ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូ, មី ១កេស , ទឹកត្រី ១ យួរ,ទឹកស៊ី អ៊ីវ ១ យួរ និងត្រីខ ១០ កំប៉ុង ដើម្បីជួយដោះស្រាយការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបរិបទ នៃជំងឺកូវីដ១៩ ។

ឯកឧត្តម សាន់ យូ បានបន្តថា ចំពោះការជួសជុលផ្លូវនៅក្នុងមូលដ្ឋាន ភូមិទាំង៣របស់យើងនេះ គឺឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានគម្រោងជួសជុលផ្លូវលំ ៥ខ្សែ មានប្រវែងជាង ២.៦០០ម៉ែត្រនេះ ឲ្យក្លាយទៅជាផ្លូវបេតុង ដែលមានគុណភាពល្អ និងត្រូវចាក់ដីផ្លូវឱ្យផុតទឹកទន្លេឡើង ដែលមានកំពស់ពី ១ម៉ែត្រ ទៅ ១,៥០ ម៉ែត្រ ព្រមទាំងរៀបប្រព័ន្ធលូទឹកតាមផ្លូវថ្នល់ទាំង
នេះផងដែរ ដែរត្រូវចំណាយថវិកាខ្ទង់លានដុល្លារ ។

ដូច្នេះក្នុងពេលក្រុមការងារស្ថាបនាផ្លូវខាងលើនេះ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានសំយ៉ាបផ្ទះ ឬធ្វើរបងផ្ទះ លានលយចូលដីផ្លូវ សូមមេត្តាចូលរួមសហការទាំងអស់គ្នា រើរុះចេញ ដើម្បីឲ្យដំណើរការធ្វើផ្លូវបេតុងក្នុងមូលដ្ឋានយើងបានរលូនគ្មានឧបសគ្គ ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner