ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី

រតនគិរី ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជា ខេត្តរតនគិរី គឺឯកឧត្តម ញ៉ែម សំអឿន ជំនួសឯកឧត្តម ថង សាវុន ត្រូវបានផ្ទេរទៅខេត្តមណ្ឌលគិរី ។

ពិធីប្រកាសទទួលស្គាល់នេះ បានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ខេត្តរតនគិរី ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិកអតីតយុទ្ធជនទាំងអស់ គឺសម្ដេចទាំងទ្វេរ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះអតីតកាល ដែលធ្លាប់រួមអាវុធ ជាមួយគ្នាព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតប ទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ គឺឯកឧត្តមបានណែនាំ និងស្នើដល់អាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូន ក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យបានល្អថែមទៀត។ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាន នូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល ។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជនមាន គុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

ក្នុងឱកាសនោះដែរ ដើម្បីដឹងគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ឯកឧត្តមទេសរដ្ឋមន្រ្តីបាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចែកជូនអតីតយុទ្ធជនចំនួន ៤២នាក់ មកពីស្រុកក្រុងទាំង៩ នៅខេត្តរតនគិរីក្នុងម្នាក់ថវិកា ១០មុឺនរៀល ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner