ប្រជាពលរដ្ឋ ចំនួន ១,៣៦៧គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅខេត្តរតនគិរី ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហកម្ពុជា

រតនគិរី ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោកជំទាវ ញាន ទិត្យចិន្តា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគិរី សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៣៧៣គ្រួសារ រងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត មកពី១៩ភូមិ ឃុំតាវែងលើ និងឃុំតាវែងក្រោម ស្រុកតាវែង នៅខេត្តរតនគិរី។ ក្រុមការងារកាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់អំណោយមនុស្សធម៌ជូនរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុត នៅថ្ងៃទី ១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រុកលំផាតចំនួន ២៥៤គ្រួសារ និងស្រុកកូនមុំចំនួន ៧៤០គ្រួសារ សរុបទាំងអស់ចំនួន ១,៣៦៧គ្រួសារ។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនក្នុងខេត្តរតនៈគិរីទាំងអស់ ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមវេជ្ជ. បានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនទាំងអស់ ៖
១. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ
២.នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផលដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
៣. សូមរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្របតាមពាក្យស្លោក “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដោយអនុវត្តតាមវិធាន ៣ការពារ ៣កុំ និង២ចូលរួម ប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មី។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប និងបណ្ណប្រកាសអំពីជំងឺកូវីដ-១៩ ចំនួន ២សន្លឹក។

បញ្ជាក់៖ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ (ក្នុងនោះ ខេត្តរតនគិរី ១,៣៦៧គ្រួសារ, ខេត្តកំពង់ធំ ៧៧៧គ្រួសារ, ខេត្តបាត់ដំបង ៦៤២គ្រួសារ)៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner