ក្រសួងការងារជូនដំណឹងពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ស្របតាម វិធានការព្រំដែនថ្មីជប៉ុន

រាជធានីភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយដល់សាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ឱ្យបាន ជ្រាបថា រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដោយត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម៖
*ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវ៖
១. សហការជាមួយក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតសម្រាប់ កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន ដែលចេញដោយក្រសួង ឬភ្នាក់ងារមានសមត្ថកិច្ចនៃ ប្រទេសជប៉ុន។
២. ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន នៅពេល ស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

  • កម្មសិក្សាការី-ពលករជំនាញត្រូវ៖
    ១. មានវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលចាក ចេញទៅប្រទេសជប៉ុន។
    ២. បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន មុនពេល ចាកចេញទៅប្រទេសជប៉ុន។
    ៣. ទាញយក និងចុះឈ្មោះក្នុងកម្មវិធី Covid-19 Contact-Confirming Application ក្នុងទូរស័ព្ទដៃ មុនពេលចាកចេញទៅប្រទេសជប៉ុន។
    ៤. ផ្តល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាស យានដ្ឋានប្រទេសជប៉ុន
    ៥. អនុវត្តការធ្វើចត្តាឡីស័ក ស្របទៅតាមវិធានការរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន នៅពេលទៅដល់ ប្រទេសជប៉ុន។
    សម្គាល់៖ ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់។
    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការីពលករជំនាញដែលត្រៀមចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ជ្រាបជាព័ត៌មាន និងសហការ អនុវត្តឱ្យមានប្រសិទ្ធភាព៕ដោយ៖ម៉ាដេប៉ូ
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner