សម្តេចតេជោ ហ៊ុន សែន ស្នើផ្លាស់ប្តូរអនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា

ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់លិខិតទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំផ្លាស់អនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាជួយសម្រួលតាមនីតិវិធីដើម្បីធ្វើឱ្យសម្រេចនូវការផ្លាស់ប្តូរដូចតទៅ៖
១-ជ្រើសតាំងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា ជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល
២- ជ្រើសតាំងឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការទី២ (គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) ជំនួសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប
៣- ជ្រើសតាំងឯកឧត្តម សួស យ៉ារ៉ា ជាប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួសឯកឧត្តម ឈាង វុន
៤- ជ្រើសតាំងឯកឧត្តម នឹម ច័ន្ទតារា ជាអនុប្រធានគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួសឯកឧត្តម សួស យ៉ារ៉ា
៥- ជ្រើសតាំងឯកឧត្តម ទី សុគន្ធ ជាលេខាធិការគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មាន) ជំនួសឯកឧត្តម នឹម ច័ន្ទតារា
៦- ជ្រើសតាំងឯកឧត្តម ជៀប ស៊ីវន ជាសមាជិកគណៈកម្មការទី៥ (គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៌មានជំនួសឯកឧត្តម ទី សុគន្ធ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីពិភាក្សា និងពិនិត្យលើសំណើស្នើសុំផ្លាស់អនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា។ ការកោះប្រជុំនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់សំណើសុំផ្លាស់អនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា ទៅរដ្ឋសភារួចកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា ឯកឧត្តម ជាម យៀប ជាបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានបញ្ជូនទៅរដ្ឋសភាកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍សភានឹងប្រជុំពិនិត្យលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដើម្បីជំនួសឯកឧត្តមកិត្តនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២១ និងរបៀបវារៈមួយចំនួនទៀត។

អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍បញ្ជាក់ថា “យើងគ្រោងរៀបចំធ្វើនៅចុងខែនេះ តាមនីតិវិធី គឺអនុប្រធានសភាត្រូវតែបោះឆ្នោតសម្តែងមតិពីសមាជិករដ្ឋសភាទាំងមូល ដោយការបោះឆ្នោតជាសម្ងាត់។ ចំពោះបេក្ខភាពអនុប្រធានទី១ រដ្ឋសភា និងសមាសភាពក្នុងគណៈកម្មការមួយចំនួនរបស់រដ្ឋសភា គឺគណបក្សស្នើបេក្ខភាពមករដ្ឋសភា ហើយគណៈកម្មាធិការអចិន្ត្រៃយ៍នឹងរៀបចំជារបៀបវារៈ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តអនុប្រធានទី១ រដ្ឋសភា តាមសំណើរបស់គណបក្ស ហើយគណបក្សបានបញ្ជូនបេក្ខភាពមករដ្ឋសភារួចហើយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១”៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner