បុរីភ្នំពេញថ្មី បើកការដ្ឋានសាងសង់គម្រោងទី១៥ នៅតំបន់ដ៏មានសក្ដានុពល នាកណ្ដាលក្រុងតាខ្មៅ តាខ្មៅ សិនត្រល់ ផាក (Takhmao Central Park)

ភ្នំពេញ ៖ បុរីភ្នំពេញថ្មី បានរៀបចំពិធីក្រុងពាលីបុកគ្រឹះបើកការដ្ឋានសាងសង់គម្រោងទី១៥ របស់ខ្លួន នៅកណ្ដាលក្រុងតាខ្មៅ គឺគម្រោងតាខ្មៅ សិនត្រល់ ផាក (Takhmao Central Park) ជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្រោមវត្តមានលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងលោកជំទាវ ។ គម្រោងផ្ទះអាជីវកម្មដ៏ធំនេះ មានទីតាំងស្ថិតលើបណ្ដោយផ្លូវលេខ២១ និងផ្លូវលេខ២១០ ដែលមានចម្ងាយជាង ១គីឡូម៉ែត្រប៉ុណ្ណោះពីរង្វល់មូលតាខ្មៅ ។

កញ្ញា វ៉ាន់ ស្រីអូន តំណាងផ្នែកលក់ នៃបុរីភ្នំពេញថ្មី បានបញ្ជាក់ថា ដោយទទួលបានការគាំទ្រច្រើនពីអតិថិជនជាង ១ទសវត្សរ៍កន្លងមក ពិសេសលើគុណភាពសំណង់ ទើបបុរីភ្នំពេញថ្មី បានកសាងទំនុកចិត្តដ៏រឹងមាំ ដើម្បីអភិវឌ្ឍន៍គម្រោងលំនៅឋានជាបន្ដបន្ទាប់ជូនអតិថិជន ជាក់ស្ដែងថ្ងៃនេះ បុរីបានបើកគម្រោងថ្មីមួយទៀត នៅតំបន់ដ៏មានសក្ដានុពល នាកណ្ដាលក្រុងតាខ្មៅ ដែលត្រឹមរយៈពេលខ្លី បានលក់អស់ជាង ២០% ទៅហើយ បន្ទាប់ពីបុរីបើកលក់ផ្លូវការជាង ១សប្ដាហ៍ ។
កញ្ញាបន្ដថា «ដោយសារការបើកគម្រោងថ្មី Takhmao Central Park ពិសេសការប្រកាសលក់ ធ្វើឡើងអំឡុងពេលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ យើងសង្កេតឃើញដំណើរការទិញលក់លំនៅឋាន មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ ជាក់ស្ដែងគម្រោងយើងបានបើកលក់កាលពីថ្ងៃទី០៦-វិច្ឆិកា ហើយពេលនេះ យើងលក់បានជាង ២០% ទៅហើយ ។

ដូច្នេះផ្អែកលើសក្ដានុពលរបស់ទីតាំង និងគុណភាព នៃការសាងសង់ យើងរំពឹងថា គម្រោងនេះ នឹងទទួលបានការគាំទ្រខ្លាំងពីអតិថិជន» ។ គម្រោងទី១៥ របស់បុរីភ្នំពេញថ្មី Takhmao Central Park សាងសង់លើផ្ទៃសរុប ៥១,២៤៣ម៉ែត្រការ៉េ ស្មើនឹង ៣៦៨ផ្ទះ ដែលសុទ្ធតែជាផ្ទះអាជីវកម្ម ។ ក្នុងឱកាសបុកគ្រឹះបើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុនក៏មានការលក់បញ្ចុះតម្លៃពិសេស ដោយការបញ្ចុះតម្លៃ ៥,០០០ដុល្លារ និងបូកបន្ថែមការបញ្ចុះតម្លៃ ៣% ទៀតផង ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner