Phumi Knhom Ep04៖ សម្រាមកាកអំពៅប្រែទៅជាចានជំនួសប្លាស្ទិច

ដោយសារតែមានអារម្មណ៍ដិតដាមទៅលើការផលិតក្រដាសចេញពីវត្តុធាតុដើមក្នុងស្រុកនានា ជាពិសេសកាកអំពៅ លោក តាំង សុជាតិ ស្ថាបនិកក្រុមហ៊ុនក្រដាស MG Asia Pacific​ [មានទីតាំងស្ថិតនៅសង្កាត់ ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ] បានសិក្សាស្រាវជ្រាវពីមធ្យោបាយ ដើម្បីផលិតចាន ដែលធ្វើពីសំណល់កាកអំពៅ ដើម្បីប្រើប្រាស់ជំនួសចានផ្លាស្ទិក ខណៈពេលដែលមនុស្សភាគច្រើនឃើញកាកអំពៅជាសំរាមឥតប្រយោជន៍។ លោកបានចំណាយពេលអស់ជិត២ឆ្នាំលើដំណើរការផលិតចានធ្វើពីកាកអំពៅនេះ គឺចាប់ពីថ្ងៃមួយដែលលើកឃើញអាជីវករលក់ទឹកអំពៅនៅស្រុកស្អាងដុតកាកអំពៅចោល។ ពេលដែលលោកឃើញបែបនេះ លោកមានការខកចិត្តជាខ្លាំងដោយលោកយល់ថា កាកអំពៅមានប្រយោជន៍ជាច្រើនសម្រាប់ដីដំណាំ តែប្រជាជនទូទៅបែរជាមិនឃើញពីគុណប្រយោជន៍របស់វា។ តែផ្ទុយមកវិញ វាក៏ជាមូលហេតុដែលជំរុញទឹកចិត្តលោកកាន់តែខ្លាំង ព្រោះថាលោករកឃើញវិធីថ្មីមួយ ដើម្បីកែច្នៃសំរាមទាំងនេះជាចានដែលប្រជាជនអាចប្រើប្រាស់ជំនួសចានផ្លាសិ្ទកបាន។

បន្ទាប់ពីនោះ លោក តាំង សុជាតិ បានចាប់ផ្តើមជជែកពីគំនិតអាជីវកម្មនេះជាមួយអ្នកផ្គត់ផ្គង់ធំៗទាំងក្នុង និង ក្រៅស្រុក តែលោកបែរជាទទួលយោបល់ថាលោកមិនអាចធ្វើវាឱ្យចេញជារូបរាងបាន ដោយសារអាជីវកម្មផលិតចាននេះត្រូវការដើមទុន ជាង ៥០ លានដុល្លាក្នុងការបង្កើតរោងចក្រមួយ។ អ្នកផ្គត់ផ្គង់ក៏បានបញ្ជាក់ប្រាប់លោកថា បើលោកចង់ធ្វើទ្រង់ទ្រាយតូច ក៏មុខតែនឹងខាតដែរ។ បើទោះជាទទួលបានយោបល់អវិជ្ជមានបែបនេះក៏ដោយ សហគ្រិនរូបនេះសុខចិត្តជំនះរាល់ឧបសគ្គ ហើយតែងរំឮកប្រាប់ខ្លួនឯងថា៖ “ខ្ញុំត្រូវធ្វើវាឱ្យបាន!”។

ក្នុងរយៈពេល២ឆ្នាំនេះ គាត់បានប្រមូលផ្តុំជាងម៉ាស៊ីនទៅតាមបច្ចេកទេសរៀងៗខ្លួន ដើម្បីបង្កើតម៉ាស៊ីន សម្រាប់ដំណាក់កាលនីមួយៗក្នុងការផលិត។  ការព្យាយាមអនុវត្ត និងការមិនចុះចាញ់ពីឧបសគ្គនៅគ្រប់ជំហានបានធ្វើឱ្យដំណើរការផលិតចានក្រដាសនេះវិវឌ្ឍទៅមុខបន្តិចម្តងៗ។ ព្យាយាមគង់បានសម្រេច!  បន្ទាប់ពីព្យាយាមអស់រយៈពេលពីរឆ្នាំ លោក សុជាតិ បានលក់ចានកាកអំពៅ ដែលជាសមទ្ធិផលរបស់គាត់ទៅតាមទីផ្សារទំនើបមួយចំនួនក្នុងក្រុងភ្នំពេញ នាចុងខែ កក្កដា ឆ្នាំ ២០២១​ នេះ។

លោកសង្កេតឃើញថា ការគាំទ្រពីសំណាកអ្នកប្រើប្រាស់ ដូចជាគ្រួសារ និងស្ថាប័នអង្គការនានា មានការកើនឡើងជាលំដាប់។ ក្នុងពេលជាមួយគ្នាដែរនោះ លោកក៏ទទួលបានមតិរិះគន់មួយចំនួន ទាក់ទងនឹងពណ៍ចានអំពៅរបស់លោក។ លោកពន្យល់ថា មូលហេតុដែលធ្វើឱ្យពណ៍ចានមិនសភ្លឺស្អាតដូចចានប្លាស្ទិកនាំចូល ដោយសារតែការផលិត គឺ[ធម្មជាតិ១០០ភាគរយ] មិនមានប្រើប្រាស់សារធាតុគីមី។ ម្យាងវិញទៀត ការផលិតអាចនឹងមិនអាចផ្គត់ផ្គង់ស្របតាមតម្រូវការ ដោយសារដំណើរការផលិតគ្រប់ដំណាក់កាលទាំងអស់ត្រូវធ្វើដោយដៃ ជាហេតុធ្វើឱ្យសង្វាក់ផលិតកម្មមានភាពយឺតយ៉ាវហើយក៏ជាមូលហេតុដែលតម្រូវឱ្យតម្លៃចានកាកអំពៅខ្ពស់ជាងចានប្លាស្ទិកដែលយើងនាំចូល៕

——-

ភូមិខ្ញុំ ជាគម្រោងខ្សែវីដេអូឯកសារ[ចំនួន២៤] ដែលផ្តិតយក និង ឆ្លុះបញ្ចាំងអំពីសាច់រឿងរបស់បុគ្គល ឬរឿងរ៉ាវរបស់សហគមន៍ ដែលបានបង្កើតផលិតផលផ្សេងៗដោយប្រើប្រាស់គំនិតច្នៃប្រតិដ្ឋ និងសេចក្តីស្រឡាញ់យ៉ាងពិតប្រាកដ។   តាមរយៈគម្រោងនេះ យើងបង្ហាញពីភាពជាគំរូរបស់សហគ្រិនក្នុងសហគមន៍ ដែលបានចូលរួមចំណែកអភិវឌ្ឍភូមិស្រុក និងសហគមន៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់ចំណេះ ជំនាញ  និងធនធាននៅជុំវិញខ្លួន  ដោយបង្កើតការងារ និងបង្កើនចំណូលប្រចាំថ្ងៃរបស់ប្រជាសហគមន៍ក្នុងតំបន់តាមរយៈគំរូអាជីវកម្មរបស់ខ្លួន។ ហើយតាមរយៈគំរូអាជីវកម្មនេះទៀតសោត យើងក៏បង្ហាញគំនិតច្នៃប្រតិដ្ឋរបស់ពួកគាត់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាលើកស្ទួយដល់ប្រពៃណីទំនៀមទំលាប់ វប្បធម៍ និងមនុស្សធម៍ ដើម្បីសង្គមជាតិរីកចម្រើន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner