លោក ចូ បៃដិន៖ ការរក្សាទំនាក់ទំនងដោយបើកចំហ និងភាពស្មោះត្រង់រវាងអាមេរិក-ចិន គឺពិតជាមានសារៈសំខាន់បំផុត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា ទំនាក់ទំនងរវាងប្រទេសរបស់លោក និងចិន គឺចង់អោយមានការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ ខណៈដែលលោក ស៊ី ជីនភីង ក៏បានសន្យាដែរថា នឹងធ្វើអោយទំនាក់ទំនងចិន-អាមេរិកប្រកបដោយភាពវិជ្ជមាន។
កិច្ចប្រជុំកំពូលតាមវីដេអូរបស់លោក បៃដិន និងលោក ស៊ី នៅក្នុងថ្ងៃអង្គារនេះ ត្រូវបានធ្វើឡើងចំពេលមានការកើនឡើង នូវភាពតានតឹងខ្លាំងរវាងអាមេរិក-ចិន ខណៈមេដឹកនាំទាំងពីរបានស្ថិតនៅឆ្ងាយពីគ្នា ដោយគិតចាប់ពីបញ្ហាសេដ្ឋកិច្ចរហូតដល់បញ្ហាសិទ្ធិមនុស្សជាដើម។ ប៉ុន្តែទាំងលោក បៃដិន និងលោក ស៊ី កំពុងប្តេជ្ញាចិត្តថា នឹងបន្តសហការគ្នា។ នាឱកាសនោះ លោក បៃដិន បាននិយាយថា ការរក្សាទំនាក់ទំនងដោយបើកចំហ និងភាពស្មោះត្រង់ រវាងភាគីទាំងពីរ គឺពិតជាមានសារៈសំខាន់បំផុត។ លោកបន្តថា ប្រធានបទដែលលោកនិងលោកស៊ី ជីនភីង នឹងពិភាក្សារួមមាន បញ្ហាសិទ្ធិមនុស្ស និងបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសហរដ្ឋអាមេរិកមានការយកចិត្តទុកដាក់បំផុត។ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងមក បានបើកកិច្ចប្រជុំតាមប្រព័ន្ធទូរស័ព្ទចំនួន២លើក។ លោក បៃដិន សង្ឃឹមថា កិច្ចប្រជុំកំពូលលើកក្រោយនឹងត្រូវធ្វើឡើងក្នុងជំនួបផ្ទាល់ទល់មុខគ្នា។
ទន្ទឹមនឹងនេះ លោក ស៊ី បាននិយាយថា ចិន-អាមេរិកកំពុងប្រឈមមុខនឹងបញ្ហារួមគ្នាជាច្រើន ដែលតម្រូវប្រទេសទាំងពីរត្រូវតែពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោក ស៊ី បន្ថែមទៀតថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជំរុញទំនាក់ទំនងចិន-អាមេរិកឲ្យដើរក្នុងផ្លូវ និងទិសដៅដ៏វិជ្ជមាន៕ ប្រភព៖ NHK
![](https://asset.ams.com.kh/central/media/md_blinken_161121-1024x682.jpg)
![](https://asset.ams.com.kh/central/media/6191f7eda3ad1.image_-1024x751.jpg)
![](https://asset.ams.com.kh/central/media/2021_11_16_119486_1637025131._large.jpg)