ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើច្បាប់ហេដ្ឋារចនាសម្ព័ន្ធជាប្រវត្តិសាស្រ្ត មានទំហំទឹកប្រាក់ ១.២ទ្រីលានដុល្លារ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើច្បាប់ហេដ្ឋារចនាសម្ព័ន្ធជាប្រវត្តិសាស្ត្រមួយ បន្ទាប់ពីទទួលបានការអនុម័តពីសភាទាំងពីររបស់សហរដ្ឋអាមេរិក និងការចរចាអស់ពេលជាច្រើនខែមកហើយ ដោយកញ្ចប់ថវិកានេះ មានទំហំ ១.២ទ្រីលានដុល្លារ។

ថ្លែងក្នុងពិធីចុះហត្ថលេខានៅឯសេតវិមាន លោក ចូ បៃដិន បានគូសបញ្ជាក់ថា យើងបានស្ដាប់ឮសុន្ទរកថារាប់មិនអស់… តែចុងបញ្ចប់ នៅថ្ងៃនេះ យើងអាចសម្រេចវាបាន។ ដូច្នេះសាររបស់ខ្ញុំ ចំពោះប្រជាជនអាមេរិកនោះ គឺថា អាមេរិកកំពុងផ្លាស់ប្ដូរ ហើយជីវិតរបស់អ្នកទាំងអស់គ្នានឹងផ្លាស់ប្ដូរទៅរកភាពល្អប្រសើរ។ លោកបន្ថែមថា កញ្ចប់ថវិកានេះ នឹងបង្កើតការងាររាប់លានកន្លែង ការបន្ធូរបន្ថយការរាំងស្ទះក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រឹងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក។ ការិយាល័យថវិកាសភាប៉ាន់ប្រមាណថា កញ្ចប់ថវិកានេះនឹងបន្ថែមលើសពី ២៥០ពាន់លានដុល្លារដល់ឱនភាពក្នុងរយៈពេល ១០ឆ្នាំខាងមុខ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមខាងលើនេះ នឹងត្រូវបានប្រើប្រាស់លើការជួសជុលស្ពាន ផ្លូវថ្នល់ ផ្លាស់ប្ដូរប្រព័ន្ធទឹកដែលមិនមានផាសុខភាព សាងសង់កន្លែងសាកថ្មរថយន្ដអគ្គិសនី និងពង្រីកវិសាលភាពអ៊ីនធើណិតជាដើម។ នេះជាការវិនិយោគដ៏មានសារៈសំខាន់បំផុតរបស់រដ្ឋាភិបាលអាមេរិក ចាប់តាំងពីការបង្កើតបណ្ដាញជាតិផ្លូវហាយវ៉េ នៅទសវត្សរឆ្នាំ១៩៥០មក៕ ប្រភព៖ CNA និង NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner