ប្រមុខអង្គការណាតូ និងអាល្លឺម៉ង់ព្រមានទីក្រុងម៉ូស្គូ កុំធ្វើអោយស្ថានការណ៍នៅព្រំដែនអ៊ុយក្រែន-រុស្ស៊ីកាន់តែតានតឹងឡើង
បរទេស៖ អង្គការណាតូ និងអាល្លឺម៉ង់បានព្រមានទីក្រុងម៉ូស្គូ កុំធ្វើឱ្យស្ថានការណ៍នៅព្រំដែនអ៊ុយក្រែន-រុស្ស៊ីកាន់តែតានតឹងឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការប្រមូលផ្តុំកងទ័ពរបស់រុស្ស៊ី និងឧបករណ៍ជាច្រើននៅក្នុងតំបន់នោះ។
អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូថែនប៊ឺគ បានកត់សម្គាល់ពីការប្រមូលផ្តុំដ៏ធំ និងមិនធម្មតានៃកងកម្លាំងរុស្ស៊ី ហើយបានណែនាំរដ្ឋាភិបាលទីក្រុងម៉ូស្គូ ឱ្យទប់ស្កាត់ការកើនឡើង និងកាត់បន្ថយភាពតានតឹង និងថា អង្គការណាតូកំពុងតែតាមដានស្ថានការណ៍នេះយ៉ាងដិតដល់។ អតីតនាយករដ្ឋមន្ត្រីប្រទេសន័រវេស លោក ស្តូថែនប៊ឺគ បានបន្ថែមថា ការបង្កហេតុបន្ថែមទៀត ឬសកម្មភាពឈ្លានពានណាមួយរបស់រុស្ស៊ី នឹងបង្កជាការព្រួយបារម្ភខ្លាំង… យើងសូមអំពាវនាវឱ្យរុស្ស៊ីមានតម្លាភាពចំពោះសកម្មភាពយោធារបស់ខ្លួន។ ការអត្ថាធិប្បាយបែបនេះរបស់លោក ស្តូថែនប៊ឺគ ធ្វើឡើងចំពេលដែលមានការរំពឹងទុកថា រុស្ស៊ីអាចនឹងមានគម្រោងឈ្លានពានអ៊ុយក្រែន។ តែយ៉ាងណាមិញ ទីក្រុងម៉ូស្គូបានច្រានចោលការភ័យខ្លាចបែបនេះថា ជា “ការបង្អើល” ហើយបានត្អូញត្អែរពីការបង្កើនសកម្មភាពរបស់អង្គការណាតូនៅក្នុងតំបន់។ ដោយឡែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស់ នៅថ្ងៃចន្ទដើមសប្តាហ៍នេះដែរ ក៏បានធ្វើការជំរុញឱ្យរុស្ស៊ីអនុវត្តការអត់ធ្មត់នៅព្រំដែនអ៊ុយក្រែនផងដែរ។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីមួយផ្នែកធំ គឺស្ថិតនៅក្នុងឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនក្នុងខែមីនា ឆ្នាំ២០១៤។ កងទ័ពក៏កំពុងប្រមូលផ្តុំនៅជិតតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែនផងដែរ៕ ប្រភព៖ CGTN