មេដឹកនាំបារាំង និងជប៉ុនអះអាងសាជាថ្មីអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខអោយកាន់តែជិតស្និទរវាងប្រទេសទាំងពីរ
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមព្រៀងគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ។ ការព្រមព្រៀងគ្នានេះធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃចន្ទម្សិលមិញ តបតាមសំណើរបស់ជប៉ុន។
វាជាការចរចាលើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក Kishida ចូលកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុនក្នុងខែតុលាកន្លងទៅ។ លោក Kishida បានហៅប្រទេសបារាំងដែលមានទឹកដីនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកថា ជា “ដៃគូដ៏សំខាន់បំផុតនៅក្នុងតំបន់”។ លោកបន្តថា លោកមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចអោយបាននូវការបើកចំហរ និងសេរីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក Macron បានឆ្លើយតបថា លោកក៏សង្ឃឹមផងដែរ ក្នុងការសហការជាមួយប្រទេសជប៉ុន ដើម្បីកសាងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ មេដឹកនាំទាំងពីរបានសំដៅលើកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Kishida ក៏បានស្វាគមន៍ចំពោះតួនាទីឈានមុខគេដែលបារាំងបានដើរតួក្នុងការបង្កើតយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក Kishida ក៏បានលើកឡើងពីក្តីសង្ឃឹមរបស់ជប៉ុនក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយ EU តាមរយៈប្រទេសបារាំង ដែលនឹងចូលកាន់តំណែងជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាអឺរ៉ុបនៅឆមាសទីមួយ ឆ្នាំក្រោយផងដែរ៕ ប្រភព៖ NHK