សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នារសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ក្រោមមូលបទ“ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបតិ្តកូវីដ-១៩”។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានចូលរួមក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ ក្រោមមូលបទ “ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយវិបតិ្តកូវីដ-១៩” ដែលសភាកម្ពុជាមានកិត្តិយសធ្វើជាប្រធានដឹកនាំកិច្ចប្រជុំលើកដំបូង។

មូលបទដែលសភាកម្ពុជាបានកំណត់យក បានទទួលការគាំទ្រពីប្រទេសជាសមាជិក មានសារៈសំខាន់ឆ្លុះបញ្ចាំងពីស្ថានភាពនាពេលបច្ចុប្បន្ន និងចក្ខុវិស័យទៅថ្ងៃអនាគត ខណៈពេលដែលយើងទាំងអស់គ្នាកំពុងធ្វើដំណើរឆ្លងកាត់វិបត្តិកូវីដ-១៩ និងខិតខំប្រឹងប្រែងឆ្ពោះទៅរកការស្តារសង្គម សេដ្ឋកិច្ចឡើងវិញ នៅក្នុងយុគសម័យក្រោយវិបតិ្តកូវីដ-១៩ ។ ក្នុងនាមសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សម្តេចសូមសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរ គុណដ៏ជ្រាលជ្រៅបំផុតចំពោះគណៈប្រតិភូទាំងអស់ដែលបានផ្តល់ការគាំទ្រ សហការល្អ និងឆ្លើយតបតាម ការអញ្ជើញរបស់សភាកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំ ដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ចាប់តាំងពី ASEM និង ASEP ត្រូវបានបង្កើតឡើង តំបន់យើងទាំងពីរបានប្រកាន់ខ្ជាប់នូវការលើកកម្ពស់ភាពជាដៃគូ លើកកម្ពស់សន្តិភាព សន្តិសុខ និងពង្រឹងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្តោតលើសសរស្តម្ភ ចំនួន ០៣ គឺៈ (១) នយោបាយ (២) សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (៣) សង្គម វប្បធម៌ និងការអប់រំ។

សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ថាក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ASEM បានក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងអភិបាលកិច្ចសកល ក៏ដូចការលើកកម្ពស់ពហុភាគីនិយម។ ភាពជាដៃគូស្មើមុខស្មើមាត់របស់ ASEM បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់អាស៊ី-អឺរ៉ុប តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ អប់រំ បរិស្ថាន វិនិយោគ សុខាភិបាល បច្ចេកវិទ្យាជាដើម។ នាពេលបច្ចុប្បន្ន ASEM តំណាងឱ្យ ៦៥% នៃសេដ្ឋកិច្ចពិភពលោក, ៥៥% នៃការផ្លាស់ប្តូរពាណិជ្ជកម្មសកល, ៧៥% នៃទេសចរណ៍ពិភពលោក, និង៦០% នៃប្រជាជនពិភពលោក។ ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ភាពជាដៃគូអាស៊ី-អឺរ៉ុប បានរួមចំណែកដ៏ធំធេងក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងបានរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ ការជំរុញការតភ្ជាប់ ទំនាក់ទំនងប្រជាជននិងប្រជាជន ពហុសាសនា និងអរិយធម៌ដ៏រុងរឿង។

សម្តេចបានបញ្ជាក់ថា ៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) នេះ ធ្វើឡើងក្នុងបរិបទដែលពិភពលោកនៅតែបន្តទទួលរងនូវការគំរាមកំហែងដ៏ធ្ងន់ធ្ងរនៃការរីករាលដាលជំងឺកូវីដ-១៩។ ការរាត ត្បាតជាសកលនៃជំងឺនេះ បានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈសកល ដែលបានឆក់យកជីវិតមនុស្ស ជាងប្រាំលាននាក់នៅទូទាំងពិភពលោក។ ជំងឺនេះក៏បានបង្កើនអត្រាវិសមភាព ភាពក្រីក្រ ភាពអត់ឃ្លាន ភាពអត់ការងារធ្វើ អស្ថិរភាពនយោបាយ និងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសកល។

ក្រៅពីបញ្ហាខាងលើ ពិភព លោកនៅតែបន្តប្រឈមយ៉ាងស្មុគស្មាញនឹងការគំរាមកំហែងជាច្រើនទៀតដូចជាបញ្ហាសន្តិសុខ ជម្លោះប្រដាប់អាវុធ បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ព័ត៌មានក្លែងក្លាយ ឧក្រិដ្ឋកម្មឆ្លងដែន ដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការឆ្ពោះទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
ជំងឺកូវីដ-១៩ បានកើតឡើងចំពេលដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយ សារតែការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗរវាងប្រទេសមហាអំណាច ការកើនឡើងនៃឯកតោភាគីនិយម និងការគាំពារនិយមជាដើម។ ជាក់ស្តែងជាងនេះ ពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ជាគោល ដែលជាមូលដ្ឋានគ្រឹះនៃវិបុលភាព និងសន្តិភាពសកល បាននិងកំពុងរងការវាយប្រហារផងដែរ។

សម្តេច បានលើកឡើងថា៖យើងទាំងអស់គ្នាជាតំណាងឱ្យម្ចាស់ឆ្នោត និងតំណាងឱ្យ៦០%នៃប្រជាជនលើពិភពលោក មានកាតព្វកិច្ចរួមគ្នាពិចារណា និងផ្តល់អនុសាសន៍ ដោយឈរលើគោលការណ៍សហប្រតិបត្តិការបើកចំហរ គោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមនៃតំបន់អាស៊ី-អឺរ៉ុប និងសកលលោក។ ខ្ញុំមានជំនឿជាក់ថា អង្គប្រជុំរបស់យើងនឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃពហុភាគីនិយម ដើម្បី ផ្តល់សារស្ថាបនាទៅកាន់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ASEM ដែលនឹងជួបប្រជុំនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ និងដៃគូពាក់ព័ន្ធទាំងអស់អំពីកង្វល់រួមរបស់យើង ឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេល បច្ចុប្បន្ន និងនាពេលអនាគត ព្រមទាំងបង្ហាញនូវបំណងប្រាថ្នា និងឆន្ទៈនយោបាយរបស់យើងដើម្បីឈាន ទៅលុបបំបាត់នូវគ្រោះមហន្តរាយដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងដើម្បីស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញឱ្យបានឆាប់រហ័សប្រកបដោយភាពធន់ និងបរិយាប័ន្ន។ ក្នុងបរិការណ៍នេះ ខ្ញុំសូមចែករំលែកទស្សនៈមួយចំនួនដូចខាងក្រោម៖

(ទី១) ពាក់ព័ន្ធនឹងការដោះស្រាយការប្រឈមមុខដាក់គ្នា និងភាពតានតឹងនៃការប្រកួតប្រជែង ខាងពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ លើកកម្ពស់ការសន្ទនាដោយសន្តិវិធី ឈរលើការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាព ឯករាជ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា ដើម្បីរកដំណោះស្រាយឈ្នះឈ្នះ ការឯកភាពជាតិ និងការឯកភាព សកល (Global Unity)។

(ទី២) យើងទាំងអស់គ្នា ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន អង្គការសុខភាព ពិភពលោក (WHO) យន្តការ COVAX និងដៃគូពាក់ព័ន្ធទាំងអស់គួរបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកៀរគរផ្នែកហិរញ្ញវត្ថុ និងវ៉ាក់សាំង ជួយគាំទ្រតាមលទ្ធភាព និងធនធានដែលមាន ដល់បណ្តាប្រទេស ដែលពុំមានលទ្ធភាពទិញវ៉ាក់សាំង ឬពិបាកក្នុងការបញ្ជារទិញឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់ជាតិសាសន៍ សាសនា និងនិន្នាការនយោបាយ។ ដោយហេតុថាយើងមិនអាចព្យាករណ៍បានពីការវាយលុករបស់កូវីដ-១៩ ថានឹងត្រូវបញ្ចប់នៅពេលណា និងការប្រឈមខាងផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់នៅពេលខាងមុខ យើងត្រូវត្រៀមបម្រុងទុកជាមុន នូវយុទ្ធសាស្ត្រ គោលនយោបាយ ដើម្បីប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នូវការរីករាលដាលនៃជំងឺប្រភេទថ្មីៗផ្សេងទៀត និងធានាឱ្យបាននូវនិរន្តភាពសេដ្ឋកិច្ច។

(ទី៣) យើងត្រូវតែអនុវត្តឡើងវិញនូវគោលការណ៍នៃសកលភាវូបនីយកម្ម ពហុភាគីនិយម និងសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ជាជាងការដកខ្លួនថយពីគោលការណ៍ទាំងនេះ យើង ត្រូវចូលរួមលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវខ្សែច្រវាក់ផ្គត់ផ្គង់ដែលគ្មានការរំខាន ដើម្បីធានាបាននូវការស្តារឡើងវិញក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយ បរិយាប័ន្ន និងចីរភាព។ ជាងនេះទៅទៀត យើងត្រូវចាត់ទុកប្រជាជន គឺជាបេះដូងនៃផែនការស្តារឡើងវិញរបស់យើង។ ដូច្នេះហើយ យើងត្រូវផ្តល់ធនធានបន្ថែមទៀតទៅក្នុងការគាំពារសង្គម ដែលមិនប៉ះពាល់ដល់វិបុលភាពរបស់យើងនោះទេ តែផ្ទុយទៅវិញវាគឺជាការវិនិយោគមួយទៅលើប្រជាជន និងអនាគតរបស់យើង ដោយវាបានជួយបង្កើតសេដ្ឋកិច្ចតំបន់កាន់តែខ្លាំងក្លា។ យើងក៏ត្រូវជួយរៀបចំឱ្យប្រជាជនរបស់យើងអាចសម្របខ្លួនទៅតាមប្រក្រតីភាពគន្លងថ្មីផងដែរ តាមរយៈការបណ្តុះបណ្តាលជំនាញថ្មី ការពង្រឹងជំនាញបន្ថែមទៀត ព្រមទាំងតាមរយៈការប្រើប្រាស់នវានុវត្តបច្ចេកវិទ្យាផងដែរ។

ជាមួយគ្នានេះដែរ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ កម្ពុជាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ជូនមនុស្សចាស់ យុវវ័យ កុមារ និងជនបរទេស។ រហូតមកដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាជន ៨៧,៩៣% (ឬស្មើនឹង ១៤,០៦៨,៨២៨ នាក់) នៃប្រជាជនសរុប ១៦ លាននាក់។ ដោយស្មារតីសាមគ្គីភាព ទឹកចិត្តមនុស្សធម៌ រួមចំណែកដល់ការកសាងជោគវាសនារួមនៃមនុស្សជាតិ កម្ពុជាបានផ្តល់ជំនួយហិរញ្ញវត្ថុ បរិក្ខារសុខាភិបាល និងវ៉ាក់សាំងដល់ប្រទេសមួយចំនួននៅក្នុងតំបន់។

ជាទីបញ្ចប់ សម្តេចបានគូសបញ្ជាក់ថាៈក្នុងនាមសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រសិទ្ធពរឱ្យកិច្ចប្រជុំភាព ជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ប្រព្រឹត្តទៅដោយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជោគជ័យ និងសូមប្រសិទ្ធពរជ័យជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មានសុខភាពល្អ និងជោគជ័យ គ្រប់ភារកិច្ច៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner