ពិធីផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិន និងធុរជនកូរ៉េ
ភ្នំពេញ៖ វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ឆ្នាំ២០២១ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជាជូនវិនិយោគិន និងធុរជនកូរ៉េ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា,លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូ, លោក Shin Jongsoo អគ្គនាយក KOTRA, លោក Lee Yong-man ប្រធានសភាពាណិជ្ជកម្មកូរ៉េ ប្រចាំកម្ពុជា ក៍បានចូលរួមផងដែរ។
លោកជំទាវ ជ្រឹង បុទុមរង្ស៊ី មានប្រសាសន៏ថា៖ការផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីនេះ គឺស្របពេលដែល កម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងស្ថិតក្នុងដំណើរការបើកសកម្មភាព សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល បណ្ដាលមកពីជំងឺកូវីដ-១៩។ ការដាក់ចេញនូវច្បាប់វិនិយោគថ្មីនេះ បានជំរុញឲ្យទំនាក់ទំនងពាណិជ្ជកម្មសេរី និងវិនិយោគ រវាងប្រទេសទាំងពីរ កម្ពុជា កូរ៉េ មានការកើនឡើងមួយកម្រិតទៀត ដែលនឹងចូលរួមលើកកម្ពស់ការងារ សេដ្ឋកិច្ច-សង្គម ឡើងវិញក្រោយវិបត្តិនៃជំងឺកូវី-១៩។
ឯកឧត្តម Park Heurig-Kyeong បានលើកឡើងថា៖ពាណិជ្ជកម្មទ្វេភាគី បានឈានដល់កម្រិតមួយខ្ពស់គួរឱ្យកត់សម្គាល់ ដោយសម្រេចបានទំហំជាង ១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ ខណៈដែលសាធារណរដ្ឋកូរ៉េ ជាអ្នកវិនិយោគច្រើនជាងគេទី ២នៅកម្ពុជា ដែលបានបណ្តាក់ទុនសរុបជិត ៧ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ១៩៩៧ មកដល់បច្ចុប្បន្ន។ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគ របស់អ្នកវិនិយោគកូរ៉េទាំងអស់នៅកម្ពុជា ក្នុងវិស័យជាច្រើន ដូចជាកសិកម្ម វាយនភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សារមូលបត្រ។ល។ ជាងនេះទៅទៀត ឯកឧត្តមបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលក្ខកូរ៉េ ក្នុងការទទួលស្វាគមន៍ និងផ្តល់កិច្ចគាំពារ ដល់ពលករកម្ពុជា ដែលបម្រើការនៅសាធារណរដ្ឋកូរ៉េ។
ពាក់ព័ន្ធនឹងច្បាប់វិនិយោគថ្មីនេះ ឯកឧត្តម បានជម្រាបជូនអង្គសិក្ខាសាលាថា ច្បាប់នេះត្រូវបានតាក់តែងឡើង ស្របតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម កម្ពុជា ឆ្នាំ២០១៥-២០២៥ ដោយបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងកិច្ចពិគ្រោះយោបល់ជាច្រើនលើក ជាមួយស្ថាប័នរដ្ឋ និងផ្នែកឯកជ-ន ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល នៃភូមិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤,០ បរិវត្កកម្មទីជីថល និងការរអាក់រអួលនៃច្រវាក់តម្លៃសាកល ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ ១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមា ពីនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ក៏ដូកជាទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគីនានា។ ក្នុងន័យនេះ ឯកឧត្តមមានសុទិដ្ឋិនិយមថា តាមរយះសិក្ខាសាលានាថ្ងៃនេះ វិនិយោគិនកូរ៉េ បានយល់កាន់តែច្បាស និងស៊ីជម្រៅពីច្បាប់នេះ ហើយនឹង ជួយផ្សព្វផ្សាយបន្ត និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ នៅកម្ពុជាបន្ថែមទៀត ៕ ដោយ/ វ៉េង លឹមហួត