គណៈកម្មការជំនាញ Camsoc បញ្ជក់ថា បានត្រៀមខ្លួនរួចរាល់ សម្រាប់ពិធីសម្ភោធពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០០ថ្ងៃ
គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC តំណាងឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC បានបើកកិច្ចប្រជុំត្រួតពិនិត្យលើ ៣របៀបវីរៈគឺ ១. ការងារត្រៀមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ វិមានពហុកីឡដ្ឋានជាតិ មរតក តេជោ ២.ពិធីរាប់ថយក្រោយ ( COUNT DOWN ) ៥០០ថ្ងៃ ៣. យុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ធ្វើយ៉ាងដាក់ផែនការដល់ក្រុមការងារទទួលបន្ទុករៀបចំគ្រប់ផ្នែក ត្រៀមការងារឲ្យបានរួចរាល់ ដើម្បីឲ្យពិធីទាំង៣នេះ ធ្វើក្នុងថ្ងៃតែមួយទទួលបានជោគជ័យ ។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា កិច្ចប្រជុំក្នុងថ្ងៃនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការត្រៀមលក្ខណៈរៀបចំពិធីសម្ភោធវិមានកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្រ្តជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិនផ្តល់ឲ្យកម្ពុជា នាចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ។ គណកម្មការជំនាញ ត្រូវដាក់ផែនការយ៉ាងមត់ចត់បំផុត ព្រោះពិធីនេះ មានការយកចិត្តទុកដាក់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការ CAMSOC បានឲ្យគណៈកម្មការលេខាដ្ឋានយកចិត្តទុកដាក់ ពិធីសម្ភោធនេះប្រព្រឹត្តិទៅអោយស័ក្កិសម ទៅនឹងសមិទ្ធផលដ៏អស្ចារ្យ នៃវិមានពហុកីឡដ្ឋានជាតិ ។
ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់បន្ថែមថា គណៈកម្មការជំនាញទាំងអស់ ត្រូវត្រៀមខ្លួនរួចរាល់ ហើយនៅសប្តាហ៍ក្រោយ នឹងប្រមូលយកលទ្ធផល នៃកិច្ចជុំនេះ យកទៅអោយថ្នាក់ដឹកនាំត្រួតពិនិត្យបន្ថែមទៀត ។
សូមបញ្ជាក់ថា របៀបវីរៈទាំង៣ខាងលើនេះ នឹងរៀបចំឆ្លងសម្រេចផែនការនាចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញពីសក្ខីភាព នៃសមិទ្ធផលសំណង់វិមានកីឡដ្ឋានដ៏អស្ចារ្យ ដែលជាជំនួយឥតសំណងផ្តល់ជូនកម្ពុជា ពីមហាមិត្តដែកថែបសាធារណរដ្ឋប្រជាមានិតចិន ៕