សម្តេចតេជោ៖ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានគំរាមកំហែងដល់និន្នាការនយោបាយ នៃពហុ ភាគីនិយមសកលក៏ដោយ, ក៏ការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពុំបានរង្គោះរង្គើឡើយ
ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ដែលសភាកម្ពុជា ធ្វើជា ម្ចាស់ផ្ទះ ក្រោម មូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិ កូវីដ-១៩” បានប្រារព្ធពិធីបើកជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ផ្សាយចេញ ពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាប្រទេសជាសមាជិក និងដៃគូជាង៣០ មានសមាជិកប្រតិភូជិត ២០០ នាក់ នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប បានចូលរួម ក្រោមអធិបតីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11, ដែលមានវត្តមានលោកជំទាវ ហេឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប ចូលផងដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូអាស៊ី-អឺរ៉ុប លើកទី១៣ បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ ពិតជាបានផ្លាស់ប្តូរនូវ បទដ្ឋាន និងឥរិយាបថ នៃការបំពេញកិច្ចការ និងការរស់នៅប្រចាំថ្ងៃរបស់យើង ដែលនេះអាចចាត់ទុកបានថាជាវិញ្ញាសា សាក ល្បងដល់ការប្ដេជ្ញាចិត្តរវាងអាស៊ី និង អឺរ៉ុប ក្នុងការរក្សាបាននូវកិច្ចសហប្រតិបត្តិការមួយប្រកបដោយភាពជឿទុកចិត្តគ្នា។
សម្ដេច បានបញ្ជាក់ថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩នេះ បានគំរាមកំហែងដល់និន្នាការនយោបាយនៃពហុភាគីនិយមសកល ក៏ដោយ ក៏ការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពុំបានរង្គោះរង្គើឡើយ។ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការ ដ៏រឹងមាំនៃភាពជាដៃគូអាស៊ី-អឺរ៉ុប នឹងធ្វើឱ្យយើងចាកចេញ និងងើបចេញពីវិបត្តិសកលនេះជាមួយគ្នា ដោយមិនបោះបង់ និងមិន ទុកចោលប្រទេសណាមួយនោះឡើយ ។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ បាន វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្អិតរមួត នៃភាពជាដៃគូអាស៊ី-អឺរ៉ុប ហើយសម្ដេចជឿជាក់ថា មិត្តភាព របស់យើងនឹងបន្តរីក លូតលាស់ រឹងមាំ និងគង់វង្សយូរអង្វែងដើម្បីជាថ្នាលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយ នូវវិបត្តិរួមនានា ដែលយើងនឹងប្រឈមនាពេលអនាគត ។
សម្ដេចតេជោ បញ្ជាក់ថា ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ, កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់មួយ សម្រាប់តភ្ជាប់ប្រជាជននិងប្រជាជនរវាងទ្វីបទាំងពីរនៃយើង ហើយលទ្ធផលនៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូលនិងអនុសាសន៍ ដ៏មានតម្លៃសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣, អាទិភាពរបស់ កម្ពុជា គឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់ពហុភាគីនិយមឱ្យកាន់តែរឹងមាំដើម្បីជំរុញកំណើនរួមគ្នាក្នុងការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់នៅក្រោយវិបត្តិ ៕ ដោយវណ្ណលុក