សម្តេចតេជោ ៖ មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នាទេ ទើបអាចឱ្យយើងបន្តរក្សាបាន នូវយន្តការពហុភាគីនិយម ដែលនឹងធានាបាននូវសន្តិភាព, ស្ថិរភាព, វឌ្ឍនភាព និងវិបុលភាពសកលលោក
ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ដែលសភាកម្ពុជា ធ្វើជា ម្ចាស់ផ្ទះ ក្រោមមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិ កូវីដ-១៩” បានប្រារព្ធពិធីបើកជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ផ្សាយចេញ ពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាប្រទេសជាសមាជិក និងដៃគូជាង៣០ មានសមាជិកប្រតិភូជិត ២០០ នាក់ នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប បានចូលរួម ក្រោមអធិបតីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11, ដែលមានវត្តមានលោកជំទាវ ហេឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប ចូលផងដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូអាស៊ី-អឺរ៉ុប លើកទី១៣ បានមានប្រសាសន៍ថា សន្តិភាព និងសន្តិសុខសកល កំពុងតែ ស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។
ខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនានា កំពុងត្រូវបានគូសវាសរួចទៅហើយ និងបានដាក់គំនាបឱ្យរដ្ឋតូចៗ ជ្រើសរើសរបៀបវារៈ នយោបាយមួយ ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈ និងផលប្រយោជន៍នៃប្រជាជាតិរបស់ខ្លួន ។ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិ សាស្ត្រនយោបាយដ៏តានតឹងនេះ, មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបអាចឱ្យយើងបន្តរក្សាបាននូវ យន្តការ ពហុភាគីនិយមមួយ ដែលនឹងធានាបាននូវសន្តិភាព, ស្ថិរភាព, វឌ្ឍនភាព និងវិបុលភាពរបស់សកលលោក ។
សម្ដេចបានបញ្ជាក់ថា ក្នុងស្មារតីនេះ, យើងទាំងអស់គ្នា ចាំបាច់ត្រូវតែបន្តរក្សាឱ្យបាននូវគុណតម្លនៃសន្តិភាព ព្រមទាំងបន្តរិះរក ជានិច្ចនូវយន្តការចាំបាច់នានា សំដៅសម្រេចឱ្យបាននូវគោលដៅដ៏ឧត្តុង្គឧត្តមនេះ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា សា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត, ការបញ្ចៀសបញ្ហាតាមរយៈការទូតរវាងសភា និងសភា (Parliamentary Preventive Diplomacy) និងសំខាន់បំផុតនោះ គឺការ ធានាឱ្យបាននូវទំនុកចិត្តបែបយុទ្ធសាស្ត្រ ជាពិសេស លើបញ្ហាសន្តិសុខ និងស្ថិរភាព ដែលកាន់តែមានភាពស្មុគស្មាញ និងចាក់ ស្រេះខ្លាំងឡើង ។ ឈរលើមូលដ្ឋាននេះ, កម្ពុជា ប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា, ការរៀនសូត្រពីគ្នា, ការ យោគយល់គ្នា, ការទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីកសាងបាននូវគ្រឹះដ៏ចាំបាច់មួយ សម្រាប់ ការអនុវត្តគោលនយោបាយការបរទេសពហុភាគី និយមរបស់យើង ។ ប្រសិនបើគ្មានយន្តការពហុភាគីនិយមមួយដែលរឹងមាំ នោះយើងក៏ពុំអាចដោះស្រាយបញ្ហាទាំងអស់នេះជារួមបានដែរ ៕ ដោយវណ្ណលុក