សម្តេចតេជោ ហ៊ុន សែន ៖ ការងារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្នុងបរិបទនៃការរស់នៅ ជាមួយកូរីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី
ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ហៅកាត់ថា (ASEP11) ដែលសភាកម្ពុជា ធ្វើជា ម្ចាស់ផ្ទះ ក្រោម មូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិ កូវីដ-១៩” បានប្រារព្ធពិធីបើកជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២១ តាមប្រព័ន្ធនិម្មិត ផ្សាយចេញ ពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសភាប្រទេសជាសមាជិក និងដៃគូជាង៣០ មានសមាជិកប្រតិភូជិត ២០០ នាក់ នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប បានចូលរួម ក្រោមអធិបតីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11, ដែលមានវត្តមានលោកជំទាវ ហេឌី ហូតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប ចូលផងដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូអាស៊ី-អឺរ៉ុប លើកទី១៣ បានមានប្រសាសន៍ថា យើងមិនមានពេលវេលាច្រើននោះទេ ពោលគឺយើងនៅសល់ពេលត្រឹមតែ ៩ ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការ គ្រោងទុក។
សម្ដេចបានបន្តថា នាកាលៈទេសៈបច្ចុប្បន្ននេះ មានតែការកៀរគរនិងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានក្រោម សាមគ្គីភាពជាធ្លុងមួយ ជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើង វិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ មុននឹងឈានទៅដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍នេះ។ ការណ៍នេះ ក៏នឹងទាមទារ ឱ្យមានជាចាំបាច់នូវស្មារតីសេរីភាវូបនីយកម្មដ៏ស្វាហាប់លើផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាការរក្សា បាននូវលំនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម សំដៅតភ្ជាប់ និងជំរុញសមាហរណកម្មនៃសេដ្ឋកិច្ចនៅក្នុងតំបន់ និងអន្តរតំបន់ ឱ្យកាន់តែមានភាព ស៊ីជម្រៅបន្ថែមទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅរាល់វិបត្តិដែលកើតមានឡើង តែងតែបង្កប់នូវកាលានុវត្តភាព ដែលយើងមិនត្រូវ មើលរំលងនោះឡើយ ។ ជំងឺកូវីដ-១៩ គឺជាច្រកនៃកាលានុវត្តភាពសម្រាប់ការកែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជាអាទិភាព នានាសម្រាប់ដំណើរការអភិវឌ្ឍរបស់យើង ។ ជាក់ស្ដែង យើងសង្កេតឃើញថា ការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម, សន្ទុះដ៏លឿននៃបរិវត្តកម្ម ឌីជីថល, សេដ្ឋកិច្ចចក្រា និងកំណើនបៃតង គឺជាកាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលប្រទេសទាំងអស់ ត្រូវតែចាប់ យកឱ្យខាងតែបាន ។ ក្នុងន័យនេះ, ការងារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្នុងបរិបទនៃការរស់នៅជាមួយ កូរីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នឹងបញ្ចូលនូវនិន្នាការទាំងនេះជារបៀបវារៈនៃការកែទម្រង់ របស់យើង ហើយយើងមាន សុទិដ្ឋិនិយមថា និន្នាការទាំងនេះ នឹងក្លាយទៅជាអត្តសញ្ញាណរួម នៃការងើបឡើងវិញរបស់ពិភព លោក នៅក្រោយវិបត្តិនេះ ។
សម្ដេចតេជោ បានបន្ថែមថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបនេះ ជាសញ្ញាដ៏រឹងមាំមួយដែលសបញ្ជាក់ថា យើងបានត្រៀម ខ្លួនរួចជាស្រេច សម្រាប់ឈានឆ្ពោះទៅរករបៀបវារៈជាអាទិភាព នៃយន្តការពហុភាគីនិយម ហើយសម្ដេចជឿជាក់ថា គណៈ ប្រតិភូទាំងអស់ នឹងបញ្ចេញនូវគតិបណ្ឌិត, មតិយោបល់ និងគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញឱ្យកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបនេះ ទទួលបាននូវលទ្ធផលជោគជ័យជាទីមោទកភាព ៕ ដោយ វណ្ណលុក