ក្រសួងមហាផ្ទៃបដិសេធមិនចុះបញ្ជីគណបក្សបេះដូងជាតិ

ភ្នំពេញៈក្រសួងមហាផ្ទៃ បានបដិសេធចំពោះសំណើស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានរកឃើញថា ការផ្តិតស្នាមមេដៃរបស់សមាជិកដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឱ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើលិខិតជម្រាបទៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធការសុំចុះបញ្ជីរបស់ “គណបក្សបេះដូងជាតិ” ដោយសារការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបេះដូងជាតិ ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឱ្យខូចគុណភាពដើម្បីបង្កើនបរិមាណចំនួនសមាជិក ព្រមទាំងខ្លឹមសារប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្ស ផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។

យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជម្រាបទៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិថា ក្រសួងមហាផ្ទៃបានធ្វើការរំលឹកចំនួន២ (ពីរ) លើករួចមកហើយ ចំពោះ “គណបក្សបេះដូងជាតិ” ដើម្បីឱ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្តិកៈគណបក្សតាមលិខិតដូចចុះក្នុងយោងខាងលើ។ ប៉ុន្តែគណបក្សនេះ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាននៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឱ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥ (ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។ ក្នុងករណី នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះឈ្មោះ “គណបក្សបេះដូងជាតិ” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យបង្កើត “គណបក្សបេះដូងជាតិ” បន្ទាប់ពីតំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានដាក់ពាក្យស្នើសុំបង្កើតកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

ចំណែកលោក ហ៊ុន កុសល អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ក្រុមលោក ថាច់ សេដ្ឋា កំពុងដំណើរការបង្កើតគណបក្សបេះដូងជាតិ មានឈ្មោះ សៀម ភ្លុក អ្នកចេញមុខស្នើទៅក្រសួងមហាផ្ទៃ។ តាមរយៈមន្រ្តីមូលដ្ឋានអតីតគណបក្សសង្រ្គោះជាតិប្រាប់មកថា សមាសភាពដឹកនាំគណបក្សនេះមានលោក ថាច់ សេដ្ឋា និង ស៊ីន ចាន់ពៅរ៉ូហ្សេត ជាសមាសភាពដឹកនាំបក្ស។ លោកបានបញ្ជាក់ថា “បញ្ហានៅត្រង់ថា តើគណបក្សនេះ បង្កើតឡើងដោយមានការបើកភ្លើងខៀវពីលោក សម រង្ស៊ី និង អេង ឆៃអ៊ាង ឬយ៉ាងណា? នាង រ៉ូស្សិត គឺជាកូនប្រសាររបស់ អេង ឆៃអ៊ាង ចំណែកលោក ថាច់ សេដ្ឋា គឺជាមនុស្សស្និទ្ធស្នាលមួយរូបរបស់លោក សម រង្ស៊ី ដែលក្រុមនេះតែងនិយាយភាសារួបរួមរហូតមក។ បើមិនមានការបើកភ្លើងខៀវទេ ប្រជាជនខ្មែរត្រូវតាមដានមើលថា តើនឹងមានការថ្កោសទោសពីភាគីក្រុមលោក សម រង្ស៊ី អេង ឆៃអ៊ាង ឬទេ? ព្រោះរហូតមកក្រោយការគេរំលាយសង្រ្គោះជាតិ លោក សម រង្ស៊ី ឬមនុស្សជំនិតៗរបស់គាត់តែងវាយប្រហារ ថ្កោលទោស មិនសំចៃមាត់ អ្នកចេញសុំសិទ្ធិនយោបាយបែកចេញពីគណបក្សសង្រ្គោះជាតិទៅបង្កើតគណបក្សថ្មី”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner