អ៊ីស្រាអែលជំរុញតួកគីឱ្យដោះលែងគូស្នេហ៍ដែលត្រូវឃុំខ្លួនពីបទចារកម្ម
អ៊ីស្រាអែលជំរុញឱ្យតួកគីដោះលែងគូស្នេហ៍អ៊ីស្រាអែលមួយគូឈ្មោះ Natalie និង Mordi Oknin ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោមបទចោទប្រកាន់ចារកម្មនយោបាយ និងយោធា ជុំវិញការថតរូបផ្ទះប្រធានាធិបតី Recep Tayyip Erdogan ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។
ចៅក្រមតួកគីបង្គាប់ឱ្យឃុំខ្លួនអ្នកទាំងពីរនៅមន្ទីរឃុំឃាំងហើយកំពុងរង់ចាំការកាត់ក្តី ខណៈដែលមេធាវីជនជាតិអ៊ីស្រាអែលហៅការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន ហើយអ៊ីស្រាអែលទទូចថាពួកគេទាំងពីរមិនបានធ្វើការឱ្យទីភ្នាក់ងារអ៊ីស្រាអែលណាមួយឡើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett និយាយកាលពីថ្ងៃអាទិត្យថា៖ «អ្នកទាំងពីរជាជនស៊ីវិលស្លូតត្រង់ដែលត្រូវគេចាប់កំហុសក្នុងស្ថានភាពស្មុគស្មាញ។ ខ្ញុំនិយាយកាលពីម្សិលមិញជាមួយគ្រួសាររបស់ពួកគេ ហើយយើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីដោះស្រាយបញ្ហានេះ»។
ទំនាក់ទំនងរវាងអ៊ីស្រាអែល និងតួកគីចាប់ផ្ដើមតានតឹង ចាប់តាំងពីការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងឆ្នាំ ២០១០ លើកប៉ាល់តួកគីដែលព្យាយាមបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
កាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយតួកគីរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សជាង ១៥ នាក់ត្រូវបានអាជ្ញាធរតួកគីចាប់ខ្លួនពីបទសង្ស័យធ្វើចារកម្មឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល។ អតីតនាយករងរបស់ទីភ្នាក់ងារ Mossad បដិសេធថា ពួកគេមិនមែនជាអ្នកស៊ើបការណ៍ជនជាតិអ៊ីស្រាអែលទេ។

ប្រភព៖ BBC