អតីតទីប្រឹក្សាលោកត្រាំ បង្ហាញខ្លួននៅតុលាការសហព័ន្ធពាក់ព័ន្ធនឹងព្រឹត្តិការណ៍កុប្បកម្ម ៦មករា

លោក Steve Bannon អតីត​ទីប្រឹក្សា​របស់​អតីត​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់ ត្រាំ បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​សហព័ន្ធ​ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ ក្រោយ​ពី​លោក​រង​ការ​ជាប់​ចោទ​កាល​ពី​សប្ដាហ៍​មុន។

បុរស​វ័យ ៦៧ឆ្នាំ​រូប​នេះ​បាន​រង​ការ​ជាប់​ចោទ​ចំនួន ២ករណី ដោយ​មួយ​ករណី​គឺ ចោទ​ប្រកាន់​ថា លោក​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ស្បថ​ធ្វើ​សាក្សី ហើយ​មួយ​ករណី​ទៀត​គឺ លោក​ត្រូវ​បាន​រង​ការ​ជាប់​ចោទ​ថា បដិសេធ​មិន​បាន​ដាក់​ឯកសារ​ទៅ​កាន់​គណៈកម្មការ​ស៊ើបអង្កេត​ការ​វាយប្រហារ​នៅ​អគារ​សភា​អាមេរិក កាពីតូល របស់​សភា​អាមេរិក។

បទល្មើស​នីមួយៗ​អាច​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​យ៉ាង​តិច ៣០ថ្ងៃ និង​យ៉ាង​ច្រើន​បំផុត ១ឆ្នាំ ហើយ​អាច​ពិន័យ​ ១០ម៉ឺន​ដុល្លារ។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ អយ្យការ​មិន​បាន​បង្គាប់​ឱ្យ​ចាប់​ខ្លួន លោក Bannon នោះ​ទេ តែ​លោក​ត្រូវ​ផ្ដល់​លិខិត​ឆ្លងដែន​ទៅ​ឱ្យ​តុលាការ ហើយ​ព្រមព្រៀង​ឱ្យ​តុលាការ​ត្រួតពិនិត្យ​ពី​ស្ថានភាព​របស់​លោក​រៀងរាល់​សប្ដាហ៍។ បន្ថែម​ពី​នេះ​ទៅ​ទៀត លោក​ត្រូវ​តែ​ផ្ដល់​ព័ត៌មាន​អំពី​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​តុលាការ​ផង​ដែរ។

លោក​នឹង​ការពារ​ខ្លួន​នៅ​ក្នុង​តុលាការ​ម្ដង​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ។

មុន​ពេល​នឹង​ចូល​ក្នុង​តុលាការ​ លោក​បាន​ចូល​ខ្លួន​ទៅ​កាន់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI។ ក្រោយ​មក​ លោក​ក៏​បាន​ប្រកាស​ក្ដែងៗ​ប្រាប់​អ្នក​កាសែត​ថា៖ «យើង​ផ្ដួលរលំ​របប​លោក​ បៃដិន»។

កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា មាន​ព្រឹត្តិការណ៍​កុប្បកម្ម​ចូល​ទៅ​ក្នុង​វិមាន​សភា​អាមេរិក ឬ គេ​ហៅ​ថា អគារ​កាពីតូល។ កុប្បកម្ម​បង្ក​ឡើង​ដោយ​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខែ​វិច្ឆិកា ឆ្នាំ២០២០ ដោយ​កាល​នោះ​លោក ចូ បៃដិន បាន​យក​ឈ្នះ​លើ​លោក ដូណាល់ ត្រាំ៕

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner