ជំងឺគ្រុនផ្តាយសាយបក្សីខ្លាំងវិញ នៅអឺរ៉ុបនិងអាស៊ី
ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបក្សីជាច្រើននៅទ្វីបអឺរ៉ុប និងអាស៊ី ត្រូវបានរាយការណ៍ទៅអង្គការសុខភាពសត្វពិភពលោក ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជាសញ្ញាមួយថា វាកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សម្តងទៀតហើយ។ ជំងឺនេះអាចចម្លងទៅមនុស្សបាន ដោយរហូតមកដល់ពេលនេះ ប្រទេសចិនបានរាយការណ៍ពីការរកឃើញ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី (H5N6) ទៅកាន់មនុស្សចំនួន ២១នាក់រួចមកហើយ។
អង្គការសុខភាពសត្វពិភពលោកបានប្រកាសកាលពីថ្ងៃទី១៥ វិច្ឆិកា ដោយដកស្រង់របាយការណ៍ ពីអាជ្ញាធរកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សី នៅកសិដ្ឋានចិញ្ចឹមមាន់ប្រហែល ៧៧០,០០០ក្បាល ស្ថិតក្នុងខេត្ត Chungcheongbuk-do ហើយសត្វមាន់ទាំងអស់នោះ ត្រូវបានយកទៅសម្លាប់ចោលតែម្ដង។
ប្រភពថា ប្រទេសជប៉ុនក៏បានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្ដាសាយបក្សីជាលើកដំបូងរបស់ខ្លួន សម្រាប់រដូវរងា ឆ្នាំ២០២១នេះផងដែរ នៅកសិដ្ឋានចិញ្ចឹមមាន់មួយ នៅភាគឦសាននៃប្រទេស។ ការផ្ទុះឡើងនេះ គឺជាជំងឺគ្រុនផ្ដាសាយបក្សី «H5N8»។ នៅទ្វីបអឺរ៉ុបវិញ ប្រទេសន័រវេសបានរាយការណ៍ពីការរកឃើញ ការផ្ទុះឡើងនូវជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅក្នុងតំបន់ Rogaland ក្នុងហ្វូងសត្វបក្សីចំនួន ៧,០០០ក្បាល ខណៈប្រទេសប៊ែលហ្ស៉ិក បានដាក់ប្រទេសក្នុងភាពអាសន្ន ចំពោះមុខការកើនឡើងនៃជំងឺគ្រុនផ្តាសាយបក្សី ដោយបញ្ជាឱ្យរក្សាទុកសត្វបក្សីទាំងអស់ នៅទីកន្លែងបិទជិត នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីជំងឺគ្រុនផ្តាសាយបក្សីប្រភេទផ្សេងៗគ្នា ត្រូវបានរកឃើញនៅលើសត្វក្ងានព្រៃ នៅជិតទីក្រុង Antwerp៕