ជនសង្ស័យគ្រឿងញៀនជាតិកាណាដាប្រឈមការជាប់គុកពី៥ទៅ១០ឆ្នាំ (Video Inside)

មន្ត្រីតុលាការបានថ្លែងថាជនជាតិកាណាដាដែលត្រូវបានចាប់ខ្លួនក្នុងករណីជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាង១៦៧គីឡូក្រាម នឹងត្រូវប្រឈម ការជាប់ពន្ធនាគាររវាងពី៥ទៅ១០ឆ្នាំបើសិនជាគេបានរកឃើញពិត ជាមានកំហុស។ កម្ពុជាមិនមានទោសប្រហារជីវិតដូចប្រទេសដទៃពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនដ៏ច្រើន សន្ធឹកនោះឡើយ។

អ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានថ្លែងនៅថ្ងៃទី១៦ខែវិច្ឆិ កានេះថា ជនសង្ស័យជាតិកាណាដា ឈ្មោះ ហ៊្វូយុងគីង អាយុ ៥២ឆ្នាំ ត្រូវបានគេឃុំខ្លួននិងបើកការស៊ើបអង្កេត លើសំណុំរឿងដែលជាប់ពាក់ព័ន្ធ។ ជនសង្ស័យជាតិកាណាដានិងគ្រឿងញៀន១៦៧គីឡូក្រាមនេះ ត្រូវបានសម ត្ថកិច្ចបានបង្ក្រាបរវាងពីថ្ងៃទី២៧តុលាដល់១០វិច្ឆិកាស្ថិតនៅ ៣ទីតាំងផ្សេងគ្នាគឺនៅខណ្ឌសែនសុខ, ខណ្ឌ ចំការ មន និងខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

ជនសង្ស័យជាតិកាណាដានេះ បានប្រឈមនឹងការចោទប្រកាន់ពី បទ «រក្សាទុក និងដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់ ប្រើប្រាស់អាវុធដោយគ្មានការ អនុញ្ញាត យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ»។ មាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនបានចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ ពី ១០លាន រៀល ទៅ ២០លាន រៀល។ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦  ខែ ទៅ ៣ ឆ្នាំ និង ពិន័យជាប្រាក់ ពី ១លានរៀល ទៅ ៦លាន រៀល ។

សមត្ថកិច្ចវេលាចុងក្រោយនេះ បានបំបែកករណីជួញគ្រឿងញៀនធំៗបានជាច្រើនគួរឲ្យកត់សម្គាល់។ កាលពី ថ្ងៃទី៣១តុលាកន្លងមកនេះ គ្រឿង ញៀនជាង ៥៤គីឡូក្រាម និងជនសង្ស័យ២នាក់ ក៏ត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួននៅក្នុងរាជធានី ភ្នំពេញ ក្នុងទីតាំង២ផ្សេងគ្នាផងដែរនៅក្នុងសង្កាត់បឹងកេងកងមួយនិងសង្កាត់បឹង កេងកង២ក្នុងខណ្ឌបឹងកេងកង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner