សម្តេចតេជោ ហ៊ុន សែន៖ រដូវត្រជាក់មកដល់ហើយ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ ថែសុខភាព ព្រោះជំងឺនានាតែងមានហានិភ័យខ្ពស់ក្នុងរដូវនេះ
ភ្នំពេញ៖ យោងតាមប្រសាសន៍ជាសំឡេងពិសេសផ្ញើជូនមន្ត្រីរាជការ បងប្អូនជនរួមជាតិនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដូវត្រជាក់មកដល់ហើយ សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ ត្រូវថែសុខភាព ព្រោះជំងឺនានាតែងមានហានិភ័យខ្ពស់ក្នុងរដូវនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដូវភ្លៀងជិតបញ្ចប់ ដោយរដូវត្រជាក់ រដូវរំហើយ មកដល់នាពេលខាងមុខនេះ ដែលថ្ងៃនេះចាប់ផ្ដើមនូវព្រះរាជពិធីបុណ្យអុំទូក ក៏បានបញ្ជាក់ថា យើងបានដឹងអំពីធាតុអាកាសប្រែប្រួលដែលរដូវភ្លៀងនឹងត្រូវបញ្ចប់ជំនួសទៅដោយរដូវរំហើយ និងរងា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បនមតថា ស្ថានភាពជំងឺកូវីដនៅក្នុងប្រទេសរបស់យើង ពិតមែនថមថយក៏ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយនោះទេដូច្នេះបើទោះបីជាមិនទាន់មានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍ប្រទេសមួយចំនួននៅពេលដែលរដូវត្រជាក់បានចាប់ផ្ដើម ជំងឺឆ្លងតែងកើតមាន។ ក្នុងន័យនេះ សម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ការពារសុខភាពនៅក្នុងពេលដែលអាកាសធាតុត្រជាក់កើតឡើងជាពិសេសអំពាវនាវឲ្យយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ក្រុមគ្រួសារនីមួយៗ ដែលមាន ជីដូនជីតា ឪពុកម្ដាយចាស់ៗ ត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់ភាពកក់ក្តៅ ជាពិសេសក្នុងការផ្ដល់ភួយក្រាស់ៗ ផ្ដល់មុងសម្រាប់ក្រុមគ្រួសារទាំងនេះ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនអាចមើលស្រាលជាមួយអ្វីដែលប្រុងនឹងកើតឡើងនោះទេ ត្រូវមានជំហានចាំបាច់ត្រៀមទុកជាមុន ក្នុងនោះកងកម្លាំងប្រដាប់អាវុធ យើងក៏បានដោះស្រាយរួចហើយ និងបានផ្ដល់អាវរងា ភួយសម្រាប់ការពារ។ សម្ដេច ថា កំឡុងពេលនេះ អ្វីដែលជាកង្វល់ធំ គឺស្ថិតត្រង់មនុស្សចាស់ដែលពួកគាត់ចាញ់រងា។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ចំពោះមនុស្សចាស់ដែលពុំមានទីពឹង មានន័យថា មនុស្សចាស់ដែលមិនមានកូនចៅនៅជាមួយ អាជ្ញាធរត្រូវផ្ដល់ជូននូវភួយមុងដើម្បីឲ្យពួកគាត់មានការកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ការលំបាកនៅក្នុងរដូវរងានេះ។
សម្ដេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កាកបាទក្រហមកម្ពុជា និងសប្បុរសជននានា សូមចូលរួមជួយយកចិត្តទុកដាក់ទៅលើអ្នកដែលពុំមានទីពឹងដែលពួកគាត់ងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ជាពិសេសគឺជំងឺកូវីដ១៩។
សម្ដេច ក៏បានអំពាវនាវដល់ព្រះចៅអធិការវត្តគ្រប់វត្តអារាម សូមព្រះមេត្តាយកចិត្តទុកដាក់ជាមួយនឹងយាយជីតាជី មនុស្សចាស់ ដែលបានសុំសីលទានជ្រកកោននៅតាមទីវត្តអារាមនានា សូមបង្កលក្ខណៈឲ្យមានភាពកក់ក្តៅ តាមរយៈនៃការផ្ដល់ជាភួយ ជាមុងនៅក្នុងគ្រាដ៏លំបាកនេះ។
នៅក្នុងឱកាសនេះដែរ សម្ដេចតេជោហ៊ុន សែន ក៏បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យយកចិត្តទុកដាក់ទៅលើទាំងផ្នែកសុវត្ថិភាពនៅតាមដងផ្លូវ សុខសុវត្ថិភាពនានានៅក្នុងឱកាសឈប់សំរាកព្រះរាជពិធីបុណ្យអុំទូកនេះ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព ជំងឺឈឺស្កាត់ផ្សេងៗចំពោះប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានវ័យចាស់តែម្ដង៕ ដោយ វណ្ណលុក