កិច្ចប្រជុំពិគ្រោះយោបល់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ តាមប្រព័ន្ធវីដេអូ
(ភ្នំពេញ):ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោប-
ល់ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ តាមប្រព័ន្ធវីដេអូ ( 10th AEM-Canada Consultations, Virtually)។
កិច្ចប្រជុំនេះ បានដឹកនាំដោយឯកឧត្តមបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២ នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ព្រុយណេ និងមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ តំណាងក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-កាណាដា ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា កិច្ចប្រជុំក្នុងនេះបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ មួយចំនួន រួមមាន៖ (១) ការកត់សម្គាល់លើអនុសាសន៍ ដែលលើកឡើងដោយក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន ដើម្បីបន្តសហការជំរុញវិស័យធុរកិច្ច និងវិនិយោគ រវាង អាស៊ាន និងកាណាដា ឱ្យឈានដល់ការរីកចម្រើនមួយកម្រិតថែមទៀត (២) ការផ្លាស់ប្តូទស្សនៈ អំពីផលប៉ះពាល់សេដ្ឋកិច្ច នៃជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការ កាត់បន្ថយផលប៉ះពាល់ ដោយភាគីទាំងអស់ បានខិតខំប្រឹងប្រែង ក្នុងការរៀបចំវិធានការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ-១៩ និងដោះស្រាយរាល់ការរំខាន់នានា ចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងសម្រួលដល់លំហូរទំនិញចាំបាច់ ឆ្លងកាត់ព្រំដែន, ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គប្រជុំ អំពីវឌ្ឍនភាពចុងក្រោយ នៃយុទ្ធនាការការចាក់វ៉ាក់សាំង ទូទាំងប្រទេសរបស់កម្ពុជា និងបានបញ្ជាក់ពីការលើកលែង នូវលក្ខខណ្ឌតម្រូវក្នុងការ ធ្វើចត្តាឡីស័ក សម្រាប់ជនគ្រប់រូប ដែលមានបំណងធ្វើដំណើរ ចូលមកប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន(២ដូស) និងបានធ្វើតេស្តរហ័ស ជាមួយនឹងលទ្ធផលអវិជ្ជមាន។ (៣) ការកត់សម្គាល់អំពីវឌ្ឍនភាព នៃការអនុវត្តផែនការ ការងារឆ្នាំ ២០២១-២០២៥ នៃសេចក្តីថ្លែងការណ៍រួម អាស៊ាន-កាណាដា ស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ក្នុងនោះភាគីទាំងអស់ ត្រូវបន្តអនុវត្តសកម្មភាពដែលនៅសេសសល់ ដែលនឹងជួយជំរុញដល់ការស្តារឡើងវិញនៅសេដ្ឋកិច្ច (៤) ការកត់សម្គាល់លើស្ថានភាព នៃគម្រោងកសាងសមត្ថភាព ក្រោមយន្តការដាក់ពង្រាយអ្នកជំនាញ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ (EDM) និងកិច្ចសន្ទនាគោលនយោបាយពាណិជ្ជកម្ម។
ឯកឧត្តម ប៉ាន សូរស័ក្តិ គូសបញ្ជាក់ថា កិច្ចប្រជុំបានសម្រេចអនុម័តលើឯកសារយោង សម្រាប់ការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា និងបានប្រកាសជាផ្លូវការ ដើម្បីចាប់ផ្តើមការចរចារបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ព្រមទាំងបានផ្តល់អនុសាសន៍ អំពីជំហានបន្ទាប់ រួមមាន៖ ការរៀបចំសមាសភាពក្រុមការងារចរចា ផែនការការងារ និងនីតិវិធីពាក់ព័ន្ធនានា៕ ដោយ/ វ៉េង លឹមហួត