សន្តិភាពនាំមកវត្តមានដំរីអាស៊ីនៅឧទ្យានជាតិអូយ៉ាដាវ
សុខសន្តិភាពនៅកម្ពុា បាននាំហ្វូងដំរីអាស៊ី (Asian Elephant) ឲ្យបង្ហាញខ្លួនជាថ្មី និងជាញឹកញាប់នៅក្នុងឧទ្យានជាតិអូយ៉ាដាវ ក្នុងភូមិសាស្រ្តខេត្តរតនគិរី។ ដំរីអាស៊ីចំនួនប្រហែល២០ក្បាល កំពុងរស់នៅដោយយកព្រៃឈើដ៏ធំល្វឹងល្វឺយ និងជីវៈចម្រុះដ៏សំបូរបែប នៃឧទ្យានជាតិអូយ៉ាដាវ ធ្វើជាជម្រកដ៏សុខសាន្តរបស់ពួកគេ។ នេះជាការលើកឡើងរបស់លោក Rechel Crouthers អ្នកស្រាវជ្រាវ ដែលបានធ្វើការតាមដាន និងបានសរសេររបាយការណ៍នៃការសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០២១នេះ។
លោក Rechel Crouthers បានបង្ហាញថាលោកបានឃើញដំរីអាស៊ីមានវត្តមានក្នុងឧទ្យានជាតិអូយ៉ាដាវ តាំងពី១៥ ទៅ២០ឆ្នាំមុនមកម៉្លេះ ព្រោះគេបានឮសម្លេងសត្វដំរីស្រែកទ្រហឹងពេញព្រៃ ក្នុងចន្លោះឆ្នាំ២០០៥ និង២០០៦ ទោះបីគេពុំបានឃើញរូបរាងវាក៏ដោយ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកស្រុក មន្ត្រីឧទ្យានុរក្ស និងកងកម្លាំងប្រដាប់អាវុធដែលប្រចាំការនៅទីនោះ លោក Rechel Crouthers បានបញ្ជាក់ថា ដំរីរស់នៅនិងធ្វើដំណើរចល័តក្នុងតំបន់ការពារធម្មជាតិ ពីព្រំប្រទល់ភាគនិរតីក្បែរទន្លេស្រែពក និងអូរលើ រហូតដល់ព្រំប្រទល់ភាគអាគ្នេយ៍នៃប្រទេសវៀតណាម និងអាចធ្វើដំណើរទៅមករវាងឧទ្យានជាតិអូយ៉ាដាវនិងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តរតនគីរី និងមណ្ឌលគីរី។ លោក Rechel Crouthers នឹងបន្តការតាមដាននិងរាប់ចំនួនពិតប្រាកដនៃសត្វដំរីអាស៊ី ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិនេះបន្តទៀត។