ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក៖សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ

ភ្នំពេញៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេស សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនបានធ្វើដំណើរចេញក្រៅក្រុងធ្វើឲ្យផ្លូវមួយចំនួនមានការកកស្ទះ។ 

ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ ប្រាប់នៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកានេះថា នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែ ប្រជាពលរដ្ឋភាគច្រើនបានធ្វើដំណើរចេញក្រៅក្រុងធ្វើឲ្យផ្លូវមួយចំនួនមានការកកស្ទះ ហើយនៅតាមបណ្តាខេត្តមួយចំនួននៅតំបន់ទេសចរណ៍មានការកកស្ទះ។ ប៉ុន្តែអ្វីជាការចាប់អារម្មណ៍នៅផ្លូវជាតិលេខ៥ ចន្លោះពីព្រែកក្តាម ទៅឧដុង្គមានការកកស្ទះចរាចរណ៍យូរ មូលហេតុដោយមនុស្សចេញចូលច្រើន និងដោយសារធ្វើផ្លូវ។ ក្រៅពីនេះស្ថានការណ៍ល្អទាំងអស់អត់មានបញ្ហាអ្វី កើតឡើងទេ។

ចំណែកលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទាក់ទងសភាពការណ៍ ក៏ដូចជាសន្តិសុខសណ្តាប់ធ្នាប់ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ គឺសភាពការណ៍ទូទៅល្អមិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ទេ ដោយសារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាគណៈបញ្ជាការខណ្ឌ មានផែនការច្បាស់លាស់ក្នុងការរៀបចំកម្លាំងក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋដើរកម្សាន្ត។ 

ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងត្រៀមកម្លាំង ២៤ម៉ោងលើ២៤ម៉ោង គឺប្រើប្រាស់កម្លាំងសរុបជាង១៦០០នាក់ ដើម្បីការពារតាមគោលដៅ និងមានកម្លាំងអន្តរាគមន៍ពិសេសចេញល្បាត។

អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តទីកន្លែងនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ កម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំសម្រួលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមច្រកចេញចូលរាជធានីភ្នំពេញ ពីព្រោះមានប្រជាពលរដ្ឋខ្លះនៅតាមបណ្តាខេត្តអញ្ជើញមករាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋជាច្រើនបានចេញទៅតាមបណ្តាខេត្តនានាដូចជាជា ទៅស្រុកកំណើត និងរមណីយដ្ឋាន៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner