កម្ពុជាស្នើទៅកាន់ភាគីថៃកុំឲ្យធ្វើអ្វីថ្មី ដោយរក្សាទុកនូវអ្វីដែលជាគោលដៅចាស់បានឯកភាពកន្លងមក

ព្រះវិហារ ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានស្នើទៅកាន់កងទ័ពថៃ ថា កុំឲ្យធ្វើអ្វីថ្មី ដោយរក្សាទុកនូវអ្វីដែលជាគោលដៅចាស់ ដែលកងទ័ពប្រទេសយើងទាំងពីបានឯកភាពសហការរួមគ្នាកន្លងមក សំដៅបានព្រំដែនសុខសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងការរស់នៅសុខសាន្តរបស់ប្រជាជន នៃប្រទេសទាំងពីរផងដែរ ។

ការស្នើរបស់ឧត្ដមសេនីយ៍ត្រី ច័ន្ទ សុខុន បានធ្វើឡើងនៅក្នុងកិច្ចជំនួបទំនាក់ទំនងមួយ រវាងកម្ពុជា និងថៃ ក្នុងភូមិសាស្ត្រជួរមុខទិសភ្នំតាថាវ កាលពីថ្ងៃសុក្រទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ផាត់ សុផេន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ប្រធានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ប៊ុនតឺម ប៊ុនបំរុង មេបញ្ជាការទិសទី១ប្រាសាទព្រះវិហារ និងជាប្រធានទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ។

ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានលើកឡើងថា អ្វីដែលជាគោលដៅចាស់ យើងបានឯកភាពគ្នាកន្លងមក យើងត្រូវរក្សាទុកនៅត្រង់កន្លែងដ៏ដែល ដោយមិនអនុញ្ញាតឲ្យធ្វើអ្វីថ្មីបន្ថែមនោះឡើយ ហើយចំពោះបញ្ហាបទល្មើសលបលួចឆ្លងដែនដោយខុសច្បាប់ របស់ប្រជាជន នៃប្រទេសទាំងពីរ កម្លាំងយើងនៅតែប្តេជ្ញាសហការបង្ក្រាប ប្រសិនបើមាននោះសូមកុំធ្វើការបាញ់សម្លាប់ គ្រាន់តែចាប់ខ្លួនបញ្ជូនឲ្យគ្នាទៅវិញទៅមក ឬធ្វើទៅតាមផ្លូវច្បាប់របស់ប្រទេសបានហើយ ។

ដើម្បីបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ រវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ នៅក្នុងការរួមគ្នាថែរក្សា សុខសន្តិភាព នៅតាមបណ្តោយព្រំដែន ថ្នាក់ដឹកនាំទាំងពីរ បានបង្កើតនូវចំណងមិត្តភាព ដោយធ្វើការប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ។ និងប្តេជ្ញារួមគ្នាធ្វើការ ដោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាដែលប្រឈមកើតមានឡើងជាយថាហេតុ ដើម្បីជៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដាក់គ្នា ៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner