ការរៀបចំពិធីបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅខេត្តសៀមរាប

សៀមរាប ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសឡើងវិញនៅដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ សកម្មភាពធ្វើដំណើរកម្សាន្តនានារបស់ប្រជាពលរដ្ឋក្នុងប្រទេស ហាក់មានការកើនឡើង ជាមួយគ្នានោះ រដ្ឋបាលស្រុកស្រីស្នំ នៃខេត្តសៀមរាប បានរៀបចំពិធីបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជាតិ ព្រមទាំងបំផុសចលនាទេសចរណ៍ក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសខេត្តសៀមរាបឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ។

លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ បានបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្ដី ប៉ុន្តែការសម្រេចបើកប្រទេសឡើងវិញ គឺជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងចំណោមស្រុកគោលដៅទេសចរណ៍ នៃខេត្តប៉ែកពាយ័ព្យមួយនេះ ស្រុកស្រីស្នំ ក៏មានសក្ដានុពលទេសចរណ៍ធម្មជាតិជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ ហើយក៏ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចទទួលយកភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ ចូលក្នុងប្រទេស។

ទន្ទឹមនឹងសក្ដានុពលដែលមានស្រាប់ ព្រះតេជគុណ តេជ ទេពវង្សា ព្រះគ្រូប្រចាំវត្តចន្ទរង្សីពង្រ ស្ថិតក្នុងឃុំពង្រ ស្រុកស្រីស្នំ មានសង្ឃដីកាថា ទំនៀមទំលាប់ប្រពៃណី មិនត្រឹមតែជាដួងព្រលឹងរបស់ជាតិប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីទាក់ទាញអ្នកទេសចរគ្រប់មជ្ឈដ្ឋាន មកសិក្សាស្វែងយល់ផងដែរ។ ដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប គួរចូលរួមថែរក្សាអភិរក្ស សម្រាប់ជាប្រយោជន៍របស់កូនចៅជំនាន់ក្រោយ ។

បើតាមការលើកឡើងរបស់រដ្ឋបាលស្រុកស្រីស្នំ នៅយប់ថ្ងៃឆ្លងឆ្នាំសកល ២០២១ ឈានចូល២០២២ខាងមុខនេះ រដ្ឋបាលស្រុក គ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner