របួសធ្ងន់ស្រាលច្រើនអ្នក រួមទាំងកម្លាំងអាវុធហត្ថផង ក្នុងករណីផ្ទុះអាវុធរវាងជនជាតិថៃ និងថៃ នៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិច ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ករណីផ្ទុះអាវុធរវាងជនជាតិថៃនិងថៃនៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិច ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របួសធ្ងន់ស្រាលច្រើនអ្នក រួមទាំងកម្លាំងអាវុធហត្ថផង ។
ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ប្រភពព័ត័មានបានឱ្យដឹងនាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ថា ជម្លោះឈានដល់ផ្ទុះអាវុធខ្លីនោះ ចេញមកពីភ្ញៀវថៅកែ មេការ និងភ្ញៀវជាជនជាតិថៃ បានកំសាន្ត និងផឹកស៊ីហើយស្រវឹង ។ ក្នុងចំណោមជនជាតិថៃនោះ មានអ្នកស្គាល់គ្នា ហើយមានរឿងចាស់ជាមួយគ្នា ហើយក៏ឌឺដងដាក់គ្នា និងគប់ដបស្រាបៀរដាក់គ្នា ។

ប្រភពសន្តិសុខកាស៊ីណូនិងភ្ញៀវបានឱ្យដឹងថា តមក ជនជាតិថៃជាគូទំនាស់បានឈានដល់ដកកាំភ្លើងខ្លីបាញ់គ្នាតែម្តង បណ្តាលឱ្យមានអ្នកខ្លះរងរបួស ។

ប្រភពបន្តថា ក្រុមបង្ករទាំងនោះបានប្រើដបគប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឱ្យកម្លាំងអាវុធហត្ថរងរបួស ៣នាក់ ។
ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ត្រូវគ្រាប់កាំភ្លើងដែលជនបង្ករបាញ់ធ្លាយថ្ពាល់និងថ្គាមពីម្ខាងទៅម្ខាងរបួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីបង្ក្រាបស្ថានការណ៍ ។

ជាលទ្ធផលសមត្ថកិច្ចចាប់ខ្លួនក្រុមបង្ករទាំងនេះបាន ១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួនបក្សពួកក្រុមបង្ករបញ្ហាបន្តបន្ទាប់ទៀត ។
សមត្ថកិច្ចជំនាញនៅមិនទាន់ផ្តល់ការបំភ្លឺករណីនេះនៅឡើយទេ មកដល់ថ្ងៃទី២១ ខែវិច្ឆិកានេះ ៕ដោយ ៖ ឃឺន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner