កម្ពុជាមានភ្ញៀវទេសចរជាង១លាន១សែននាក់បានចេញដើរកម្សាន្ត ក្នុងពេលបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យម្សិលមិញ

 រយៈពេល៤ថ្ងៃ ពោលគឺចាប់ពី១៨ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យម្សិលមិញ១ថ្ងៃទៀតនៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១លាន១៤ម៉ឺន៧ពាន់៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១លាន១៣ម៉ឺន២ពាន់៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១ម៉ឺន៤ពាន់៤៥៦នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ២០ម៉ឺន៣ពាន់៤៥៤នាក់
* ខេត្តព្រះសីហនុ ១៤ម៉ឺន៥ពាន់៤២នាក់
* ខេត្តសៀមរាប ១៤ម៉ឺន១ពាន់២១៩នាក់
* ខេត្តកំពត ១០ម៉ឺន២ពាន់១៦៧នាក់
* ខេត្តកែប ៩ម៉ឺន២ពាន់៥៣៨នាក់
* ខេត្តពោធិ៍សាត់ ៧ម៉ឺន៥ពាន់៥៧៨នាក់
* ខេត្តបាត់ដំបង ៥ម៉ឺន៦ពាន់៦៧៩នាក់
* ខេត្តកំពង់ស្ពឺ ៥ម៉ឺន៩៦០នាក់
* ខេត្តមណ្ឌលគិរី ៤ម៉ឺន៩១៧នាក់
* ខេត្តកណ្តាល ៤ម៉ឺន២០៦នាក់
* ខេត្តកោះកុង ៣ម៉ឺន៨ពាន់៦៥០នាក់
* ខេត្តរតនគិរី ៣ម៉ឺន១ពាន់៤៥៧នាក់។ ចំនួនភ្ញៀវទេសចរជាង១លាននាក់ក្នុងរយៈពេលជិតមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ជាក់ស្តែង ចំនួននេះមានការកើនឡើងប្រមាណ ២៥.៨% បើធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានភ្ញៀវទេសចរតែ៩១ម៉ឺន១ពាន់១៤៧នាក់។ លំហូរភ្ញៀវទេសចរជិតមួយសប្តាហ៍នេះ បង្កើតបាននូវចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានាបានប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍។

ទន្ទឹមនឹងនេះ ចរន្តភ្ញៀវទេសចរដ៏ផុសផលនេះក៏បានបង្ហាញផងដែរថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខឆាប់ៗនេះផងដែរ។ ទោះបីចំនួនភ្ញៀវទេសចរមានសន្ទុះខ្លាំង ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវាកម្ម និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើន។ តាមការវាយតម្លៃជារួម ឯកឧត្តមរដ្ឋមន្ត្រីសង្កេតឃើញថា វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងទាញយកបានមកវិញនូវទំនុកចិត្តរបស់ភ្ញៀវទេសចរ (Trust and Confidence) តាមរយៈលំហូរទេសចរណ៍ផ្ទៃក្នុង ដែលអាចសម្រេចទៅបានក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលតែងបានដាក់ចេញនូវយុទ្ធសាស្រ្តរស់រវើក រហ័សរហួន និងគ្រប់ជ្រុងជ្រោយ ពិសេសការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលបានធ្វើឲ្យកម្ពុជាកំពុងបោះជំហានឈានមុខក្នុងការបើកដំណើរការឡើងវិញពេញលេញលើគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner