ចិនហៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាមេរិក អូស្ត្រាលី និងអង់គ្លេស ថា ជាការគំរាមកំហែងដែលគ្មានភាពទទួលខុសត្រូវ

ស៊ីដនី៖ ចិនមានការខឹងសម្បារជាខ្លាំង បន្ទាប់ពីអូស្រ្តាលី អង់គ្លេស និងអាមេរិក នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ក្នុងគោលបំណងអោយអូស្ត្រាលីអាចបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយបានហៅកិច្ចព្រមព្រៀងនេះថា ការគំរាមកំហែងដែលគ្មានភាពទទួលខុសត្រូវទាល់តែសោះ ចំពោះស្ថិរភាពក្នុងតំបន់។

នៅមុនពិធីចុះហត្ថលេខា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងដូច្នេះថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតអោយមានកិច្ចសហប្រតិបត្តិការ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវឥរិយាបថការពារគ្នាទៅវិញទៅមករបស់យើងបន្ថែមទៀត។ នេះជាកិច្ចព្រមព្រៀងលើផ្នែកបច្ចេកវិទ្យាលើកដំបូងហើយ ដែលត្រូវបានចុះហត្ថលេខាជាសាធារណៈរវាងប្រទេសទាំងបី គិតចាប់តាំងពីការប្រកាសបង្កើតសម្ព័ន្ធភាពត្រីភាគី អូឃើស (AUKUS) ដែលបាននិងកំពុងប្រឈមនឹងការរិះគន់ខ្លាំងៗពីសំណាក់ប្រទេសចិន។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក ភីតថឺ ដតថុន បានចូលរួមជាមួយតំណាងទូតអាមេរិក និងអូស្ត្រាលី ក្នុងការចុះហត្ថលេខាខាងលើនេះ នៅលើទឹកដីអូស្ត្រាលី ដើម្បីអោយប្រទេសទាំងបីអាចចែករំលែកបច្ចេកវិទ្យាចម្បងៗ ទាក់ទងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងវិស័យជើងទឹក៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner