កសិករឥណ្ឌាបន្តការតវ៉ា ទោះបីច្បាប់ស្តីពីកសិកម្មថ្មីត្រូវបានលុបចោលក្ដី

ញូវដេលី៖ ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​លោក​ Narendra Modi ​កាល​ពី​ថ្ងៃ​សុក្រ​ប្រកាស​ថា​ សមាជិក​សភា​នឹង​លុប​ចោល​ច្បាប់​កសិកម្ម​ថ្មី​ ដែល​កសិករ​តវ៉ា​ដោយ​ភ័យ​ខ្លាច​ថា​ច្បាប់​នេះ​នឹង​កាត់​បន្ថយ​តម្លៃ​ដំណាំ ​ទុក​ឱ្យ​ពួក​គេ​ងាយ​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​របស់​ក្រុម​ហ៊ុន​ធំ​ៗ​​ និង​បំផ្លាញ​របៀប​រស់​នៅ​របស់​ខ្លួន​។​​

ការ​សម្រេច​របស់​លោក​ Modi ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​កសិករ​​ប្រមូល​ផ្ដុំ​គ្នា​បោះជំរំ​នៅ​ជាយ​ក្រុង​ញូវដេលី​ទាំង​ស៊ូ​ទ្រាំ​នឹង​អាកាស​ធាតុ​រយៈ​ពេល​មួយ​​ឆ្នាំ​ពេញ​ ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។​  

លោក​ Darshant Pal Singh ​មេដឹក​នាំ​​បាតុករ​​កសិករ​​ម្នាក់​​ក្នុង​​ចំណោម​​អ្នក​​តវ៉ា​​ប្រាំ​បួននាក់​ថ្លែង​​ថា​​៖​ ​«​​​វា​​ជា​​អំណាច​ វា​​ជា​​កម្លាំង​ វា​​ជា​​ការ​​តស៊ូ​ វា​​ជា​​ការ​​លះបង់​​របស់​​កសិករ​​ជាង​ ៧០០ ​នាក់​​​​ ដែល​​ប​ង្ខំ​​លោក​ Modi ​ឱ្យ​​ចុះ​​មក​​លុប​​ចោល​​ច្បាប់​​ទាំង​​នេះ​»​។​

ច្បាប់​​កសិកម្ម​ថ្មី​ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ដោយ​ចែង​អំពី​ការ​គ្រប់​គ្រង​វិស័យ​កសិកម្ម​ ​អនុញ្ញាត​ឱ្យ​កសិករ​លក់​ផលិត​ផល​ទៅ​ឱ្យ​អ្នក​ទិញ​លើស​ពី​ទីផ្សារ​លក់​ដុំ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ ​ថែម​ទាំង​ធានា​នូវ​តម្លៃ​អប្បបរមា​​។​ ប៉ុន្តែ​​កសិករ​ភ័យ​ខ្លាច​ថា​ ឈ្មួញ​មិន​ធ្វើ​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​។​  

លោក​នាយក​រដ្ឋ​មន្ត្រី​ Modi ​ក្រោយ​ការ​ប្រកាស​ដ៏​ភ្ញាក់​ផ្អើល​ ក៏​ជំរុញ​ឱ្យ​ក្រុម​បាតុករ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ប៉ុន្តែ​កសិករ​និយាយ​ថា ​ពួក​គេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​ច្បាប់​ត្រូវ​បាន​បាត់​បង់​ជា​ផ្លូវការ​ក្នុង​ខែ​ធ្នូ ​នៅ​​ពេល​ដែល​សភា​បើក​អង្គ​ប្រជុំ​រដូវ​រងា​របស់​ខ្លួន​ និង​រហូត​​ដ​ល់​​រដ្ឋាភិបាល​កំណត់​​ធានា​​តម្លៃ​​អប្បបរ​មា​​សម្រាប់​​ដំណាំ​​ជាច្រើ​ន​ដែល​ខ្លួន​ថា​​មិន​មាន​ភាព​ច្បាស់​លាស់​ក្នុង​ច្បាប់​ថ្មី​។​

​កសិករ​ដែល​ធ្វើ​ការ​តវ៉ា​យល់​ឃើញ​ថា​ ជា​ជាង​ការ​ដក​ថយ​នៅ​ពេល​នេះ​ វា​ជា​​ឱកាស​មួយ​ដើម្បី​ជំរុញ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង​​លើ​នាយក​រដ្ឋ​មន្ត្រី​​ដែល​ត្រៀម​​ខ្លួន​ក្នុង​​ការ​បោះឆ្នោត​សម្រាប់​គណបក្ស​របស់​លោក​ក្នុង​រដ្ឋ​ជា​ច្រើន​​​នៅ​ឆ្នាំ​ក្រោយ​។​ រដ្ឋាភិបាល​​​​ឥណ្ឌា​និយាយ​​​ថា​ ​​ខ្លួន​​នឹង​​បង្កើត​​គណៈកម្មាធិការ​​មួយ​​ដើម្បី​​ពិចារណា​​លើ​​បញ្ហា​​ដែល​អ្នក​តវ៉ា​លើក​ឡើង​។​

​ក្រុម​កសិករ​ជា​​ច្រើន​ទទួល​ស្គាល់​ថា​ ប្រព័ន្ធ​កសិកម្ម​ដែល​ផ្តួច​ផ្តើម​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ភាព​អត់​ឃ្លាន​រីក​រាល​ដាល​នៅ​​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ​ដើម្បី​បង្កើត​ទីផ្សារ​កណ្តាលឱ្យ​កសិករ​​លក់​ផល​ដំណាំ​​របស់​ឥណ្ឌា ​គួរ​តែ​ត្រូវ​បាន​ជួស​ជុល​ ទោះ​បី​ជា​មាន​ការ​តវ៉ា​លើ​ច្បាប់​កសិកម្ម​ថ្មី​ដែល​ខុស​ពី​ច្បាប់​ចាស់​នេះ​ក្ដី​។​

ចលនា​ទាមទារ​របស់​កសិករ​​ចាប់​ផ្តើម​​ក្នុ​ង​រដ្ឋ​ Punjab ​ដែល​ជា​ផ្ទះ​របស់​សហគមន៍​ Sikhs ​ដ៏​ធំ​មួយ​ ក្រុម​សាសនា​ និង​​រដ្ឋ​ធ្វើក​សិកម្ម​ដ៏​ធំ​បំផុត​មួយ​​រប​ស់​ប្រទេស​។​ មេ​ដឹក​​​នាំ​​ការ​​តវ៉ា​​​ពឹង​​លើ​​ទាំង​​ការ​​រៀប​ចំ​ និង​​ផ្តល់​​ហិរញ្ញប្បទាន​​ដល់​​បាតុកម្ម​​ពេញ​​មួយ​​ឆ្នាំ​​របស់​​ពួក​គេ​។​​ លោក​​ Baldev Singh Sirsa​ អ្នក​ដឹក​នាំ​កសិដ្ឋាន​​និយាយ​ថា​ ជំនួយ​ហិរញ្ញវត្ថុ​ជា​ពិសេសពី​វិហារ​ Sikh ​និង​អង្គការ​នានា​នៅ​ខាង​ក្រៅ​ប្រទេស​​ ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​ការ​បន្ត​ទាមទារ​នៃ​ចលនា​នេះ​។​

ក្រុម​​អ្នក​​តវ៉ា​​​ធ្វើ​​ឱ្យ​​ប្រាកដ​​​ថា​ ​ការ​ទាមទារ​របស់​ខ្លួន​​​​​ឮ​​ដល់​​បរទេស​ ដោយ​មាន​ទាំង​អ្នក​តវ៉ា​នៅ​​ក្រុង​ Toronto ​និង​ Montreal​ ដែល​​កាន់​​សញ្ញា​​នៅ​​ខាង​ក្រៅ​​ស្ថានកុង​ស៊ុល​​ឥណ្ឌា​ប្រចាំ​​ប្រទេស​​កាណាដា។​ ជាមួយ​គ្នា​នោះ ​ក្រុម​អ្នក​តវ៉ា​ក៏​បាន​ដើរ​កាត់​​​ទីស្នា​ក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​។​ យុទ្ធនាការ​បន្ត​ដំណើរ​ការ​រហូត​ដល់​នាយក​រដ្ឋ​មន្រ្តី​កាណាដា​លោក​ Justin Trudeau ​និង​តារា​ចម្រៀង​ប៉ុប​នាង​ Rihanna ​លើក​យក​មក​និយាយ​។​ ​

​​កាល​​ពី​ខែ​មករា​ ខណៈ​ដែល​ប្រទេស​ឥណ្ឌា​ប្រារព្ធ​ទិវា​សាធារណៈ​រដ្ឋ​ដែល​ជា​ថ្ងៃបុ​ណ្យ​ជាតិ​ កសិករ​មួយ​ចំនួន​​ជិះ​ត្រាក់​ទ័រ​ឆ្លង​កាត់​របាំង​ប៉ូលីស​ចូល​ទៅ​ក្នុង​ទីក្រុង​ New Delhi ដែល​បណ្តាល​ឱ្យ​អ្នក​តវ៉ា​ម្នាក់​ស្លាប់​។​ អ្នក​វិភាគ​នយោបាយ​​និយាយ​ថា​ ចលនា​នេះ​ចប់​ហើយ​ ​ប៉ុន្តែ​អ្នក​រៀបចំ​នៅ​តែ​បន្ត​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ខ្លួន​ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​ និង​ភាព​មហរន្តរាយ​នៃ​ការ​រាល​ដាល​ជំងឺ​កូវីដ-១៩​។​ ​

បន្ទាប់មកនៅក្នុងខែតុលា ក្បួន​រថយន្ត​របស់គណបក្ស Bharatiya Janata (B.J.P.) របស់លោក Modi បើកសម្រុកចូល​ទៅ​ក្នុង​ក្រុម​កសិករ​ដែល​កំពុង​តវ៉ានៅរដ្ឋ Uttar Pradesh ​បណ្តាល​ឲ្យ​អ្នក​តវ៉ា​បួន​នាក់​ស្លាប់ ​រួម​នឹង​មនុស្ស​បួន​នាក់​ផ្សេង​ទៀតមាន​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​ផង​ដែរ។

ក្រោយ​ហេតុការណ៍​ កូន​​ប្រុស​​ម្នាក់​របស់​​លោក​ Modi ​​​ស្ថិត​​ក្នុ​ង​​ចំណោម​​អ្នក​​ដែល​​ស្ថិ​​ត​ក្រោម​ការ​ស៊ើប​​អង្កេត​​ទាក់​​ទង​នឹង​​រឿង​នេះ។ ទន្ទឹម​នឹង​នោះ ​ចំនួន​នៃ​ការ​ស្ទង់​មតិ​គាំទ្រ​បក្ស ​B.J.P. ​​ធ្លាក់​ចុះ​ភ្លាម​ៗ​នៅ​ក្នុង​រដ្ឋ​ Uttar Pradesh ​ធ្វើ​ឱ្យ​មន្ត្រី​គណបក្ស​ចាប់​ផ្តើម​ព្រួយ​បារម្ភ​ថា​ ពួក​គេ​ចាញ់​ការ​បោះឆ្នោត​ក្នុង​រ​ដ្ឋ​នេះ​​នៅ​ឆ្នាំ​ក្រោយ​។​

កសិកម្ម​​គឺ​​ជា​​វិស័យ​នាំមុខ​​​​នៃ​​ការ​ចិញ្ចឹម​ជីវិតសម្រាប់​ប្រជាពលរដ្ឋ​​ជិត​ ៦០ ​ភាគ​រយ​នៃ​ប្រជាជន​ឥណ្ឌា។​​​ ខណៈ​ពេល​ដែល​កសិករ​ខ្លះ​រីក​រាយ​នឹង​ជីវិត​បែប​វណ្ណៈ​កណ្តាល​មាន​ជំនួយ​បច្ចេក​វិទ្យា​ទំនើប​ៗ​ ដូច​ជា​ត្រាក់​ទ័រ​ និង​ប្រព័ន្ធ​ធារាសាស្រ្ត ​កសិករ​ជាច្រើន​ផ្សេង​ទៀត​មិន​ឃើញ​ពី​ប្រាក់​ចំណេញ​ដែល​រក​បាន​ពី​វិស័យ​នេះ​ឡើយ​ ថែម​ទាំង​ត្រូវ​ជំពាក់​បំណុល​ទៀត​។​​

ច្បាប់​កសិកម្ម​ថ្មី​របស់​លោក ​Modi ​មាន​គោល​បំណង​នាំ​យក​ប្រាក់​ឯកជន​បន្ថែម​ទៀត​ឱ្យ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ និង​ធ្វើ​ឱ្យ​​កម្លាំង​ទីផ្សារ​កាន់​តែ​ខ្លាំង​ឡើង​។​ ប៉ុ​ន្តែ​លោក​ Singh ​​អ្នក​ដឹក​នាំកា​រ​តវ៉ា​​និយាយ​ថា​ កសិករ​ជា​ច្រើន​​ពេញ​ចិត្ត​នឹង​ការ​ឧបត្ថម្ភធ​ន​លើ​ទិន្នផល​ជាង​។​

លោក Singh ​លើក​ឡើង​​ថា​៖​ «​ឫស​គល់​នៃ​បញ្ហា​កសិកម្ម​នៅ​​ឥណ្ឌា​ គឺ​កសិករ​មិន​ទទួល​បាន​តម្លៃ​ត្រឹម​ត្រូវ​នៃ​ដំណាំ​របស់​ពួក​គេ។​ ​មាន​វិធីពី​រ​យ៉ាង​ក្នុង​ការ​មើល​ឃើញ​ការ​កែ​ទម្រង់​ ទីមួយ​គឺ​ការ​ផ្តល់​ដី​ទៅ​សាជីវកម្ម​នានា​ អ្នក​ធំ​ៗ​ អ្នក​មូល​ធន​និយម​ និង​មួយ​​ទៀត​​គឺ​​ជួយ​​កសិករ​​បង្កើន​​ទិន្នផល​»​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner