ការប៉ះទង្គិចគ្នាដោយហិង្សាផ្ទុះឡើងក្នុងបាតុកម្មប្រឆាំងនឹងការបិទប្រទេសនៅអឺរ៉ុប

ការ​​ប៉ះ​​ទង្គិច​​គ្នា​​ដោយ​​ហិង្សា​​ផ្ទុះ​​ឡើង​​ ក្នុង​​​អំឡុង​បាតុកម្ម​​ប្រឆាំង​​នឹង​​ការ​​បិទ​​ប្រទេស​​នៅ​​អឺរ៉ុប​របស់​កាល​ពី​ចុង​សប្ដាហ៍​ ខណៈ​រដ្ឋាភិបាល​នានា​ចេញ​វិធានការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​ដែល​កំពុង​បន្ត​កើន​ឡើង​ក្នុង​​ទ្វីប​។​​

​​វីដេអូ​​ជា​ច្រើន​ពី​កន្លែង​ដែល​កុបកម្ម​​ផ្ទុះ​ឡើង​នា​ទី​ក្រុង​ឡាអេ​កាល​ពី​ថ្ងៃ​សៅរ៍​ ​បង្ហាញ​​​ពី​​ប៉ូលិស​​ដាក់​​ពង្រាយ​​កាណុង​​បាញ់​​ទឹក​ និង​​ចាប់​ខ្លួន​​ក្រុម​​បាតុករ​។​ ​ហូឡង់​​ចេញ​វិធានការ​បិទ​ផ្នែក​ខ្លះ​នៃ​ប្រទេស​រយៈ​ពេល​បី​សប្ដាហ៍​ ហើយ​​គ្រោង​នឹង​ហាម​ឃាត់​អ្នក​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ មិន​ឱ្យ​ចូល​ទៅ​ក្នុង​កន្លែង​កម្មវិធី​មួយ​ចំនួន​។​

​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ូលីស​ មន្ត្រី​ប៉ូលិស​៥​នាក់​​រង​របួស​ក្នុង​អំឡុង​ពេល​ប៉ះ​ទង្គិច​គ្នា​នៅ​ទីក្រុង​ឡាអេ​ ដោយ​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ និង​ពីរ​នាក់​​រង​របួស​ដោយ​សារ​សម្លេង​​បាញ់​កាំជ្រួច​​ខ្លាំង​ៗ​។​​ ដោយ​និយាយ​ថា​មនុស្ស​ ១៩ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ូលីស​បន្ត​ថា​៖​ «​ក្រុម​​នេះ​​[បាតុករ]​​ចាប់​​ផ្តើម​​បាញ់​​បំផ្លិច​​បំផ្លាញ​ វាយ​​អ្នក​​បើក​បរ​ និង​​គប់​​ដុំ​​​ថ្ម​ និង​​កាំជ្រួច​​យ៉ាង​​ខ្លាំង​​ដាក់​​ប៉ូលិស​»​។​

​​​ការ​តវ៉ា​ដូច​គ្នា​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​អឺរ៉ុប​ដូច​ជា​ស្វីស ​អូទ្រីស ​អ៊ីតាលី​​ រួម​ទាំង​ក្រូអាស៊ី​​ ក្រោយ​រដ្ឋាភិបាល​ដាក់​វិធានការ​បិទ​ខ្ទប់​ តម្រូវ​ប័ណ្ណ​វ៉ាក់សាំង​មុន​ចូល​ទីសាធារណៈ​ និង​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង​​ ដោយ​លើក​ឡើង​ថា​វា​រំលោភ​អំណាច​សម្រេច​ផ្ទាល់​ខ្លួន​របស់​ប្រជាពលរដ្ឋ​ និង​មាន​លក្ខណៈ​បែប​ផ្ដាច់​ការ​ជា​ដើម​។​ ​

អូទ្រីស​ចាប់​ផ្ដើម​បិទ​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​ ហើយ​​កាតព្វ​កិច្ច​ចាក់​វ៉ាក់សាំង​នឹង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​។​ នៅ​រដ្ឋ​ធានី​វីយែន​​ មនុស្ស​ប្រមាណ​ជាង​ ៤០ ០០០ ​នាក់​​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ដង​ផ្លូវ​ដែល​ជា​ការ​តវ៉ា​ដ៏​ធំ​បំផុត​របស់​ប្រទេស​​តាំង​ពី​វីរុស​រាល​ដាល​នៅ​អឺរ៉ុប​ ដើម្បី​ប្រឆាំង​នឹង​វិធានការ​ទាំង​នេះ​។​ អំពើ​ហិង្សា​ក៏​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ប៉ូលីស​ព្យាយាម​បំបែប​ហ្វូង​បាតុករ​។​

នៅ​​រដ្ឋ​ធានី​ហ្សាហ្គ្រេប​ឯណោះ​វិញ​ អ្នក​តវ៉ា​ជាង​ ១៥ ០០០ ​នាក់​ប្រមូល​ផ្ដុំ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​គោល​បំណង​ស្រដៀង​គ្នា​ គឺ​ប្រឆាំង​នឹង​វិធានការរ​បស់​រដ្ឋាភិបាល​ក្រូអាស៊ី​ដែល​តម្រូវ​ឱ្យ​មាន​ប័ណ្ណវ៉ាក់​សាំង​មុន​ចូល​អាគារសាធារណៈ​ផ្សេង​ៗ​​ ដោយ​អះអាង​ថា​ធ្វើ​ឱ្យ​មាន​ការ​រឹត​ត្បិត​សេរីភាព​របស់​ប្រជាជន​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner