ខណៈពេលក្ដីសង្ឃឹមកិច្ចព្រមព្រៀងនុយក្លេអ៊ែររសាត់ អ៊ីរ៉ង់ក៏ផ្ដើមកសាងវិញ ហើយហានិភ័យកើនឡើង

ក្នុង​រយៈ​ពេល​ជាង​ ២០ ខែ​ចុង​ក្រោយ​នេះ​ភ្នាក់ងារ​ចារកម្ម​អ៊ីស្រាអែល​បាន​ធ្វើ​ឃាត​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ហើយ​បាន​បង្ក​ការ​ផ្ទុះ​ធំ​ៗ​នៅ​ឯ​រោង​ចក្រ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​អ៊ីរ៉ង់​ចំនួន​ ៤ ក្នុង​គោល​បំណង​បំផ្លាញ​សមត្ថភាព​របស់​អ៊ីរ៉ង់​ក្នុង​ការ​ផលិត​វត្ថុធាតុ​ដើម​នុយក្លេអ៊ែរ​ និង​ពន្យារ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​អាច​បង្កើត​អាវុធ​។

ប៉ុន្តែ​មន្ត្រី​ចារកម្ម​អាមេរិក និង​និយតករ​អន្តរជាតិ​ បាន​និយាយ​ថា​អ៊ីរ៉ង់​បាន​សាងសង់​រោងចក្រ​ទាំង​នេះ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ ដោយ​ជា​រឿយៗ​បាន​ដំឡើង​ម៉ាស៊ីន​ថ្មី​ៗ​ ដែល​មាន​សមត្ថភាព​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ាន្យោម​លឿន​ជាង​មុន​ទៅ​ទៀត​។ នៅ​ពេល​ដែល​រោង​ចក្រ​ដំឡើង​ម៉ាស៊ីន​បន្សុទ្ធ​បាន​ទទួល​រង​នូវ​អ្វី​ដែល​មើល​ទៅ​ដូចជា​ការ​ផ្ទុះ​ដ៏​អាក្រក់​ដែល​បំផ្លាញ​ស្តុក​គ្រឿងបន្លាស់​ ក៏​ដូចជា​កាមេរ៉ា​របស់​អង្គការ​ឃ្លាំមើល​អន្តរជាតិ​ ផលិតកម្ម​បាន​ចាប់​ផ្ដើម​ឡើង​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។

សារពត៌​មាន​​ញូយ៉កថាមស៍​ ​រាយការណ៍​ថា​ការ​ពិភាក្សា​ពី​ក្រោយ​ឆាក​មន្ត្រី​អាមេរិក​បាន​ព្រមាន​ភាគី​អ៊ីស្រាអែល​ថា ការ​វាយ​ប្រហារ​បែប​នេះ​ម្ដង​ហើយ​ម្ដង​ទៀត​លើ​គោលដៅ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​អាច​បំពេញ​អារម្មណ៍​របស់​ពួកគេ​នៅ​ពេល​នេះ ប៉ុន្តែ​ចុង​ក្រោយ​គឺ​មិន​មាន​ផល​ប្រយោជន៍​អ្វី​ទេ​ ហើយ​នឹង​ធ្វើ​ឱ្យ​បញ្ហា​កាន់​តែ​លំបាក​។ ប៉ុន្តែ​មន្ត្រី​អ៊ីស្រាអែល​បាន​និយាយ​ថា​ពួកគេ​នឹង​មិន​បោះបង់​ចោល​ការ​វាយ​ប្រហារ​ទាំង​នេះ​ទេ​ ដោយ​ច្រាន​ចោល​ព្រមាន​ថា​ការ​វាយ​ប្រហារ​ទាំង​បាន​ជួយ​ពន្លឿន​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ បញ្ហា​នេះ​គឺ​ជា​ចំណុច​មួយ​នៃ​ការ​ខ្វែង​គំនិត​គ្នា​រវាងសហ​រដ្ឋ​​អាមេរិក​ និង​អ៊ីស្រាអែល​ជុំវិញ​ការ​ប្រើប្រាស់​មធ្យោបាយ​ការទូត​ ជាជាង​ការ​ប្រើ​កម្លាំង​បាយ​។

យ៉ាង​ណា​មិញ​ ការ​វាយ​ប្រហារ​ និង​ការ​សាងសង់​ឡើង​វិញ​ទាំង​នេះ​ គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​កើន​ឡើង​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​ និង​លោក​ខាង​លិច​ ដែល​ជា​ថ្មី​ម្ដង​ទៀត​នឹង​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ទីក្រុង​វីយ៉ែនណា​ប្រទេស​អូទ្រីស​។ ជា​លើក​ដំបូង​ចាប់​តាំង​ពី​ប្រធានាធិបតី​អភិរក្ស​និយម​លោក​អ៊ីប្រាហ៊ីម រ៉ៃស៊ី​ចូល​កាន់​អំណាច​ អ្នក​ចរចា​អ៊ីរ៉ង់​គ្រោង​នឹង​ជួប​ជា​មួយ​សមភាគី​អឺរ៉ុប ចិន និង​រុស្ស៊ី​នៅ​ចុង​ខែ​នេះ​ ដើម្បី​ពិភាក្សា​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ដែល​កំណត់​សកម្មភាព​របស់​អ៊ីរ៉ង់​យ៉ាង​ខ្លាំង​ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​។

អ្នក​ចរចា​អាមេរិក​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រុង​វីយ៉ែនណា​ដោយ​ប្រយោល​ ដោយ​សារ​អ៊ីរ៉ង់​បដិសេធ​មិន​ចង់​ជួប​ជា​មួយ​ភាគី​អាមេរិក​បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ​ ២០១៨​ ហើយ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​ជា​បន្ត​បន្ទាប់​ទៅ​លើ​អ៊ីរ៉ង់​។

ខណៈ​កាល​ពី​ប្រាំ​ខែ​មុន​មុខ​មន្ត្រី​មាន​សុទិដ្ឋិនិយម​ថា​ការ​ចរចា​នឹង​ជួយ​ស្ដារ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥​ឡើង​វិញ​ ដោយ​លាយលក្ខណ៍អក្សរ​ភាគ​ច្រើន​ត្រូវ​បាន​យល់​ស្រប​ដោយ​ភាគី​ទាំង​អស់ ឥឡូវ​នេះ​ពួកគេ​បាន​ត្រឡប់​ទៅ​ក្រុង​វីយ៉ែនណា​ពោរពេញ​ទៅ​ដោយ​ទុទ្ទិដ្ឋិនិយម​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​ដែល​ពួកគេ​បាន​ចាកចេញ​កាល​ពី​ខែ​មិថុនា​។ ឥឡូវ​នេះ​ការ​ចរចា​ហាក់​បី​ដូច​ជា​បាន​ជាប់​គាំង​រួច​ទៅ​ហើយ ហើយ​គោលដៅ​របស់​ប្រធានាធិបតី​អាមេរិក​ចូ បៃដិន​នៃ​ការ​ស្ដារ​កិច្ច​ព្រមព្រៀង​ក្នុង​ឆ្នាំ​កាន់​អំណាច​ទី​មួយ​របស់​លោក​ហាក់​ដូចជា​រសាត់​រសាយ​អស់​។

នៅ​ក្នុង​សញ្ញា​នៃ​ការ​ផ្លាស់​ប្ដូរ​អារម្មណ៍​អ្នក​ចរចា​ថ្មី​របស់​អ៊ីរ៉ង់​លោក​អាលី បាហ្គារី កានី​បាន​ឈប់​ហៅ​ការ​ចរចា​នេះ​ថា​ជា​ «ការ​ចរចា​នុយក្លេអ៊ែរ​» ផ្ទុយ​ទៅ​វិញ​លោក​បាន​ហៅ​ការ​ចរចា​នេះ​ថា​ជា​ «ការ​ចរចា​ដក​ទណ្ឌកម្ម​ខុស​ច្បាប់ និង​អមនុស្សធម៌​»​។ អ៊ីរ៉ង់​និយាយ​ថា ខ្លួន​នឹង​ទទូច​លើ​ការ​ដក​ទណ្ឌកម្ម​ទាំង​នុយក្លេអ៊ែរ និង​មិនមែន​នុយក្លេអ៊ែរ ហើយ​ទាមទារ​លក្ខខណ្ឌ​ហាម​ឃាត់​ការ​បោះបង់​កិច្ចព្រមព្រៀង​ជា​ឯកតោភាគី​ ដូច​ដែល​លោក​ត្រាំ​បាន​ធ្វើ​។ រដ្ឋបាល​លោក​បៃដិន​ បាន​និយាយ​ថា​ពួកគេ​មិន​ធ្វើ​ការ​ប្ដេជ្ញា​តាម​ការ​ទាមទារ​ទាំង​នេះ​ទេ​។

រដ្ឋាភិបាល​អាមេរិក​ ជា​សាធារណៈ​មិនទាន់​បាន​បង្ហាញ​សញ្ញា​ថា​ប្រសិន​បើ​អ៊ីរ៉ង់​ពន្យារ​ការ​ចរចា​ ពួកគេ​នឹង​ដាក់​បន្ថែម​ទៀត​។ ប៉ុន្តែ​នៅ​ក្នុង​សេតវិមាន​មាន​ការ​ប្រញាប់ប្រញាល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ដើម្បី​ពិចារណា​អំពី​កិច្ចព្រមព្រៀង​បណ្តោះ​អាសន្ន​មួយ​ចំនួន​ដែល​អាច​បង្កក​ការ​ផលិត​អ៊ុយរ៉ាន្យោម​កម្រិត​សុទ្ធ​ខ្ពស់​របស់​អ៊ីរ៉ង់ និង​ការ​បំប្លែង​រ៉ែ​ទាំង​នេះ​ទៅ​ជា​ទម្រង់​លោហធាតុ​ ដែល​ជា​ជំហាន​ចាំបាច់​ក្នុង​ការ​ផលិត​ក្បាល​គ្រាប់​។ ជា​ការ​តប​ស្នង​វិញ សហរដ្ឋអាមេរិក​អាច​នឹង​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​មួយ​ចំនួន​។ វិធានការ​នឹង​មិន​ដោះស្រាយ​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​វា​អាច​ផ្ដល់​ពេលវេលា​បន្ថែម​សម្រាប់​ការ​ចរចា ខណៈ​ពេល​ដែល​ពួកគេ​អាច​រារាំង​ការ​គំរាម​កំហែង​របស់​អ៊ីស្រាអែល​ក្នុង​ការ​វាយ​ប្រហារ​រោង​ចក្រ​របស់​អ៊ីរ៉ង់​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner