អ្នកនាំពាក្យៈ បើ​ក្រសួងមហាផ្ទៃ​ប្តឹង​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ គឺ​ជាប់គុក​ហើយ​

​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ប្រកាស​ប្តឹង ក្រសួងមហាផ្ទៃ​ក៏​ប្តឹងទៅ​មិនមាន​បញ្ហា​អ្វី​ទេ គឺជា​សិទ្ធិ​។​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ផ្តាំ​ទៅ​តំណាង​ស្ថាបនិក គណបក្ស​បេះដូង​ជាតិ កុំ​រត់​ទៅសុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ពីព្រោះថា បើ​ក្រសួងមហាផ្ទៃ​ប្តឹងទៅ​តុលាការ គឺ​ជាប់គុក​ហើយ​។​

​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ធ្វើឡើង​បន្ទាប់ពី​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​បានប្រកាស ប្តឹង​ក្រសួងមហាផ្ទៃ​ទៅ​តុលាការ​កំពូល រឿង​ដែល​ក្រសួងមហាផ្ទៃ​មិន​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​ក្នុង​បញ្ជី​គណបក្ស​ន​យោ បាយ​នៅ​ក្រសួងមហាផ្ទៃ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ (រូបថតឯកសារ)

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ប្រាប់ AMS នៅ​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ​ថា ក្រសួងមហាផ្ទៃ​មិន​ប្តឹង​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ គឺជា​រឿង​មួយ​ដែល​ក្រសួងមហាផ្ទៃ​យោគយល់​អនុគ្រោះ​ទៅហើយ​ពាក់ព័ន្ធ​ស្នាម​មេដៃ​ក្លែងបន្លំ​ដែល​ដាក់​មក​ក្រសួងមហាផ្ទៃ​ស្នើសុំ​បញ្ជី​គណបក្ស​គណបក្ស​បេះដូង​ជាតិ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​“​ក្រសួងមហាផ្ទៃ​មិន​ប្តឹង​គាត់​ជា​រឿង​មួយ​ដែល​ក្រសួងមហាផ្ទៃ យោគយល់​អនុគ្រោះ​ទៅហើយ​ស្នាម​មេដៃ​ក្លែងបន្លំ ដោយសារ​គុក​វា​ចង្អៀត​ច្រើនណាស់​អនុគ្រោះ​ទៅ​គ្រាន់តែ​មិន​ចុះបញ្ជី​ទៅ បាន​ហើយ​។​មិនបាច់​ទាន់​ប្តឹង​ទេ​ហើយ​ចាំមើល​ប្រតិកម្ម​គាត់​ថា​ម៉េច​?​ដល់​ឥឡូវ​គាត់​ប្តឹង​។​ប្តឹង​ក៏​ប្តឹងទៅ​មានអី​។​ប៉ុន្តែ​ផ្តាំ​មុន​ឲ្យ​ហើយ កុំ​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​។ តែ​ក្រសួង​ប្តឹង​ជាប់គុក​ហើយ​។​កុំ​យក​រឿង​នឹង ជា​សុំ​សិទ្ធិ​ជ្រក​កោ​ម​នយោបាយ បើ​ចង់​ប្តឹង​យើង​នឹង​ប្តឹង​តប​ទៅវិញ​”​។​

​សូមជម្រាបថា​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ចំពោះ​សំណើសុំ​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ ក្រសួងមហាផ្ទៃ​និង​សម្រេច​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ធ្វើការ​ស្រាវជ្រាវ​បុគ្គល​ដែលមាន​ចេតនា​ទុច្ចរិត​ក្នុងការ​ផ្តិត​ស្នាម មេដៃ​ជំនួស ការ​ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល និង​ការ​ផ្តិត​ស្នាម​មេដៃ​ឲ្យ​ខូចគុណភាព​និង​សម្រេច​ដាក់ពាក្យ​ប្តឹង​តំណាង ស្ថាបនិក​គ​គណបក្ស​បេះដូង​ជាតិ ទៅ​តុ​លាក​ការ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​យោងតាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ជម្រាប​ទៅ​លោក សៀម ភ្លុក តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ថា​ក្រសួងមហាផ្ទៃ​បានធ្វើការ​រំលឹក ចំនួន​២ (​ពីរ​) លើក​រួចមកហើយ ចំពោះ “​គណបក្ស​បេះដូង​ជាតិ​” ដើម្បី​ឲ្យ​ធ្វើការ​កែសម្រួល​ខ្លឹមសារ នៃ​លក្ខន្តិកៈ គណបក្ស​តាម​លិខិត​ដូច​ចុះ​ក្នុង​យោង​ខាងលើ​។ ប៉ុន្តែ​គណបក្ស​នេះ នៅតែ​មិន​អនុវត្តតាម​ស្មារតី នៃ​លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ដោយ​ពុំ​កំណត់​អំពី​វិធាន នៃ​ការបញ្ចូល​សមាជិកភាព ទៅក្នុង​លក្ខន្តិកៈ​គណបក្ស ស្របតាម​បញ្ញត្តិ​មាត្រា​១០ ត្រង់ចំណុច​៤ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ដូច្នេះ ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​គណបក្ស​បេះដូង​ជាតិ ធ្វើការ​កែសម្រួល​ខ្លឹមសារ​ក្នុង​លក្ខន្តិកៈ​គណបក្ស ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​បញ្ញត្តិ​មាត្រា​១០ ត្រង់ចំណុច​៤ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ រួចហើយ​ត្រូវ​ផ្ញើជូន​មក​ក្រសួងមហាផ្ទៃ​វិញ ក្នុង​រយៈពេល​យ៉ាងយូរ​១៥(​ដប់​ប្រាំ​)​ថ្ងៃ ចាប់ពី​ថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​នេះ ជា​កំហិត​។ ក្នុងករណី​នៅតែ​មិន​អនុវត្តតាម​ស្មារតី នៃ​លិខិត​ជូនដំណឹង​នេះ ក្រសួងមហាផ្ទៃ​នឹង​សម្រេច​មិន​ចុះឈ្មោះ “​គណបក្ស​បេះដូង​ជាតិ​” ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​នោះឡើយ​។​

​សូមជម្រាបថា សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ បានអនុញ្ញាត​ឲ្យ​បង្កើត “​គណបក្ស​បេះដូង​ជាតិ​” បន្ទាប់ពី​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ បានដាក់​ពាក្យស្នើសុំ​បង្កើត​កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១៕ ដោយៈ ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner