តុលាការសម្រេចឃុំខ្លួនមន្រ្តីយោធា៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង។

ការសម្រេចចោទប្រកាន់នេះគឺបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ លោក ហម ម៉េងសែ បានសម្រេចឃុំខ្លួនមន្ដ្រីយោធាចំនួន៤នាក់ ក្នុងចំណោម៧នាក់ ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង នាពេលកន្លងទៅ។
លោក ហម ម៉េងសែ បានឲ្យដឹងថា ជនសង្ស័យទាំងអស់មានសរុបចំនួន៧នាក់ ដែលមានការពាក់ព័ន្ធ ក្នុងនោះបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ចំនួន៣នាក់ និងបានបញ្ជូនមកជាបន្តបន្ទាប់ចំនួន៤នាក់ទៀត ប៉ុន្ដែបន្ទាប់ពីបញ្ចប់ការសួរនាំ បានសម្រេចឃុំខ្លួនចំនួន៤នាក់ ខណៈ៣នាក់ផ្សេងទៀតកំពុងបន្ដសួរនាំនៅឡើយ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់កាលពីថ្ងៃទី២២វិច្ឆិកាថា «ករណីនេះ តំណាងអយ្យការបានបើកការសើបសួរ ទៅចៅក្រមស៊ើបសួរពីបទ ជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។
មន្រ្តីយោធាទាំងអស់៧នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា មន្ត្រីយោធា៧នាក់ ដែលបានចាប់ខ្លួនរួមមាន៖ ទី១.ឧត្តមសេនីយ៍ត្រី អូន ពិសិដ្ឋ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ,ទី២ .មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង,ទី៣ .ជាមន្ត្រីយោធាធម្មតា រួមជាមួយមនុស្ស៤នាក់ផ្សេងទៀត។
គួរបញ្ជាក់ថាការរកឃើញនិងបានចាប់ខ្លួនមន្ត្រីយោធាទាំង៣នាក់នេះ គឺនៅបន្ទាប់ពីសមត្ថកិច្ចបានរកឃើញអាវុធ ចំនួន៣៣ដើមដែលជាកាំភ្លើងអាកានិងកាំភ្លើងអឹម៧៩ លាក់ទុកក្នុងចំការមៀនមួយកន្លែងនៅក្នុងស្រុកភ្នំព្រឹក កាលពីថ្ងៃទី១២វិច្ឆិកា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានការលាក់អាវុធទាំង៣៣ ដើមនោះឡើយ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner