ស៊ុយអ៊ែត នឹងជួយលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់អ្នកស្វែងរកការងារធ្វើ
រាជធានីភ្នំពេញ៖ ប្រទេសស៊ុយអ៊ែតបានបញ្ជាក់ពីការខិតខំជួយគាំទ្រថែមទៀតដល់កម្ពុជា ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារឱ្យបានគ្រប់រាជធានី ខេត្ត និងក្រៅពីនេះក៏នឹងជួយលើកកម្ពស់ទីផ្សារ ដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ជាពិសេសយុវជន និងស្ត្រី។ ការលើកឡើងបែបនេះធ្វើឡើងក្នុងកិច្ចពិភាក្សាដើម្បីបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការលើគម្រោងថ្មី ក្នុងពេលដែលលោក Magnus Saemundsson លេខាទី១ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថារដ្ឋាភិបាលស៊ុយ អ៊ែត, រាជរដ្ឋាភិបាលកម្ពុជា, អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព” ។ ដែលគម្រោងនេះមានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ – ៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។
នៅក្នុងជំនួបនេះដែរ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសម្តែងការរីករាយ និងអរគុណចំពោះរាជរដ្ឋាភិបាល ស៊ុយ អ៊ែត ដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ពាក់ព័ន្ធទៅនឹងការផលិតនូវរបាយការណ៍អង្កេតអំពីកង្វះ និងគម្លាតជំនាញក្នុងទីផ្សារការងារនៅកម្ពុជា និងរបាយការណ៍ព្យាករណ៍អំពីឱកាសការងារក្នុងទីផ្សារការងារនៅកម្ពុជាជាដើម មកដល់មន្រី្តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ស្របទៅនឹងភាពទំនើបនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។
ក្រសួងការងារបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារនេះភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក ដោយអាចនិយាយបានថាទទួលបានផ្លែផ្កា និងជោគជ័យជាទីគាប់ប្រសើរ ហើយបង្ហាញនូវជំនឿជឿជាក់ថា គម្រោងទាំងនោះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាពទៅដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្មដើម្បីបំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន។
ក្រសួងការងារថា ឆ្លើយតបតាមសំណើររបស់ឯកឧត្តមរដ្ឋមន្រ្តី ភាគីស៊ុយអ៊ែតនឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានី ខេត្ត ដែលបច្ចុបន្ននេះយើងមាន ១៣ មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត ចំនួន ៣ផងដែរ៕ដោយ៖ម៉ាដេប៉ូ