បុរសម្នាក់បេីករថយន្ត ទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ និងបន្តបុករះរថយន្តទំនេីប ៣គ្រឿងទៀត ខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ បន្ទាប់មានបុរសម្នាក់សង្ស័យស្រវឹងបានបេីករថយន្តមួយគ្រឿងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពេញទំហឹង និងបន្តទៅបុករថយន្តស៊េរីទំនេីបចំនួនបីគ្រឿងទៀតដែលចតចោលនៅលេីចញ្ចេីមផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងជេីងស្តុបទួលទំពូង តាមបណ្តោយផ្លូវ១៦៣ កែងផ្លូវ៣៩០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AQ 9563 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2V 7374 បេីកបរដោយបុរសម្នាក់នឹងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយ ធ្វេីដំណេីរតាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿន និងសង្ស័យមានស្ថានភាពស្រវឹងផងនោះ ក៏បានបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរដាច់ជេីងទាំងសងខាង ។

ចំណែករថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលចង្កូតទៅខាងស្តាំដៃបន្តបុករថយន្តស៊េរីទំនេីបចំនួនបីគ្រឿងដោយមួយគ្រឿងម៉ាកឡិចស៊ីសRX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BN 9868 រថយន្តឡិចស៊ីសLX 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BM 7272 និងរថយន្តម៉ាកBMW ពណ៌ស ពាក់ស្លាកលេខកម្ពុជា M. M 2828 ដែលចតនៅលេីចញ្ចេីមផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗ ។ ចំណែករថយន្តនិងម៉ូតូរួមទាំងម្ចាស់រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner