ក្រុមហ៊ុន Visa ផ្តល់បច្ចេកវិទ្យាសុវត្ថិភាព Contactless EMV® Chip Standards ដល់សមាគមធនាគារនៅកម្ពុជា ដើម្បីជំរុញអន្តរប្រតិបត្តិការទូទាត់តាមរយៈការប្រើប្រាស់កាតនៅកម្ពុជា

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និង Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបន្តផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព Visa’s contactless EMV® chip[1] standards សម្រាប់ពង្រឹងប្រព័ន្ធ ecosystem នៃការទូទាត់ក្នុងស្រុក និង គាំទ្រដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាស្តង់ដារួមស្របគ្នាជាមួយកាតអន្តរជាតិដទៃទៀត។

ចាប់តាំងពីឆ្នាំ ២០១៩ មក Visa បានផ្តល់សិទ្ធិដល់សមាគមធនាគារនៅកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV® chip standards ក្នុងទម្រង់ជាបន្ទះឈីបសម្រាប់ប្រតិបត្តិការទូទាត់ក្នុងស្រុក ជំនួសការប្រើ Magnetic Stripe ដើម្បីពន្លឿនការផ្លាស់ប្តូរសម្រាប់ការទូទាត់តាមរយៈកាត។ សេចក្តីនៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃនេះផងដែរ ក៏បានបញ្ជាក់ពីការសហការរបស់ ក្រុមហ៊ុន  Visa ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ការសហការគ្នាលើការទូទាត់តាមរយៈកាតដោយប្រើបច្ចេកវិទ្យារបស់ Visa  នឹងធ្វើឲ្យប្រតិបត្តិការនៃការទូទាត់អាចប្រព្រឹត្តទៅតាមរយៈបណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលនឹងផ្តល់នូវការទូទាត់ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាពនៅទូទាំងពិភពលោក។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ៖ «កិច្ចសហការរួមនៃបណ្តាញអន្ដរធនាគាររបស់កម្ពុជានេះ គឺធ្វើឡើងស្របជាមួយនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា​ នឹងជួយពន្លឿនការអភិវឌ្ឍន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា»។ លោកបន្តទៀតថា៖ «តាមរយៈកិច្ចសហការួមនេះ ក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។ សមាគមធនាគារនៅកម្ពុជា លើកទឹកចិត្តឲ្យសមាជិកទាំងអស់ ចូលរួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យារួមនេះ ដើម្បីអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ ធនាគារពាណិជ្ជ និង គ្រឹះស្ថានដាក់ប្រាក់បញ្ញើ មីក្រូហិរញ្ញវត្ថុ ទាំងអស់ តម្រូវឱ្យចូលរួមជាមួយបណ្តាញអន្ដរធនាគាររបស់កម្ពុជា (CSS) នោះការដាក់បញ្ចូលស្លាកសញ្ញាបង់ប្រាក់ពីរ ឬច្រើន ឬកម្មវិធីទូទាត់ដែលមានលក្ខណៈដូចគ្នានៅលើឧបករណ៍ទូទាត់ដូចគ្នា នឹងបង្កើនស្តង់ដារសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រព័ន្ធទូទាត់នៅកម្ពុជាទាំងមូល ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «តាមរយៈការ   ផ្តល់នូវបច្ចេកវិទ្យារបស់យើងសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព» ។ នៅក្នុងកិច្ចព្រមព្រៀងជាមួយ សមាគមធនាគារនៅកម្ពុជា ក្រុមហ៊ុន Visa ក៏បានយល់ព្រមក្នុងការវិនិយោគលើការពិនិត្យប្រព័ន្ធបច្ចេកវិទ្យា បន្ទះឈីបកាតរបស់ CSS និងគាំទ្របណ្តាញអន្ដរធនាគាររបស់កម្ពុជាក្នុងការងារនេះផងដែរ។

សមាជិកសមាគមធនាគារនៅកម្ពុជា ដែលចូលរួមសហការជាមួយនឹងគម្រោងកាតអន្តរជាតិផ្សេងទៀត ក្រុមហ៊ុន Visa បានសន្យាថា នឹងផ្សារភ្ជាប់ពួកគេជាមួយក្រុមហ៊ុនភាគីទីបីសម្រាប់សេវាកម្មដែលពាក់ព័ន្ធ។ បណ្តាញអន្ដរធនាគាររបស់កម្ពុជា (Cambodian Shared Switch) គឺជាគ្រោងការណ៍មួយរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់អន្តរប្រតិបត្តិការនៃប័ណ្ណឥណពន្ធ ដែលមានកម្មសិទ្ធិនៅតាមបណ្តាញម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត POS នៅទូទាំងប្រទេសកម្ពុជា៕

 

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner