កម្ពុជានឹងមានសារមន្ទីរអូឡាំពិកថ្មីមួយ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមជំនួយពីក្រុមប្រឹក្សាកីឡា អូឡាំពិកអាស៊ី

យោងតាមអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើនកាលពីថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា សារមន្ទីរអូឡាំពិកថ្មីមួយ នឹងកើតមាននៅក្នុងសំណង់ប្រវត្តិសាស្ត្រកីឡាថ្មីរបស់កម្ពុជា គឺពហុកីឡដ្ឋានជាតិមរតក​តេជោ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយការរៀបចំសារមន្ទីរអូឡាំពិកនេះ ក្រោមជំនួយរបស់ក្រុម​ប្រឹក្សា​កីឡាអូឡាំពិកអាស៊ី។

លោក វ៉ាត់ ចំរើន មានប្រសាស៍ថា នៅក្នុងបេសកកម្មអន្តរជាតិនេះ គឺទី១-កម្ពុជាបានចូលរួមមហាសន្និបាត​ក្រុម​ប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិទ្ធិ។ ទី២-គឺកម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការ​ទទួល​រៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩។ ទី៣-គឺកម្ពុជាទទួលបានជំនួយមួយចំនួនលើផ្នែកអប់រំស្មារតីអូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី​បាន​សម្រេច​ផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាមជ្ឈមណ្ឌល​អូឡាំពិកដ៏​ធំមួយ ផ្ទុកនូវឯកសារប្រវត្តិ នៃចលនាអូឡាំពិកជាតិ ហើយក៏ជាកន្លែងប្រមូលតាំងបង្ហាញសម្រាប់​ការស្រាវជ្រាវ​នូវ​ឯកសារកីឡាធំៗ អ្នកល្បីល្បាញនៅលើពិភពលោកផងដែរ។ នេះគឺជាលទ្ធផលធំៗចំនួន៣ ដែលកម្ពុជាទទួល​បានពីអង្គមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ ប្រចាំឆ្នាំ២០២១។

លោក វ៉ាត់ ចំរើន បានចាត់ទុកថា «នេះជាបេសកកម្មជោគជ័យដ៏ត្រចេះត្រចង់ និងជាមហាកិត្តិយសរបស់ព្រះ​រាជា​ណាចក្រកម្ពុជា ក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យគណៈប្រតិភូកីឡាកម្ពុជា ចូលរួមក្នុងបេសកកម្មនាពេលនេះទទួលបានលទ្ធផលជោគជ័យ ប្រកបដោយមោទនភាពបំផុត»៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner