ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះ លែងកូនត្រីពូជត្រីឆ្ពិន ចំនួន ២ម៉ឺនក្បាល នៅក្នុងអាងស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងក្រុង សែនមនោរម្យ

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន គណៈអភិបាលខេត្តមណ្ឌលគិរី  ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ បានអញ្ជើញលែងកូនត្រីពូជត្រីឆ្ពិនចំនួន២ម៉ឺនក្បាល នៅក្នុងអាងស្តុកទឹកទំនប់លើ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ  នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរៀបចំដោយ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។

ឯកឧត្តម ថង សាវុន អភិបាល បានថ្លែងនូវការកោតសរសើរ ចំពោះមន្ទីរកសិកម្មខេត្ត ដែលបានរៀបចំពិធីលែងកូនត្រីនេះឡើង ដើម្បីបង្កើនស្តុកត្រីបន្ថែមក្នុងដែនធម្មជាតិ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីសារៈសំខាន់ នៃប្រភពធនធានជលផល ក្នុងតំបន់សហគមន៍មូលដ្ឋាន ដើម្បីចូលរួមចំណែកថែរក្សាការពារប្រើប្រាស់ និងគ្រប់គ្រងប្រភពធនធានជលផល ប្រកបដោយនិរន្តរភាព សម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម បានស្នើដល់អាជ្ញាធរក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ធ្វើការណែនាំអប់រំ ឱ្យប្រជាពលរដ្ឋប្រើប្រាស់តែប្រភេទឧបករណ៍នេសាទស្របច្បាប់ និងចូលរួមសកម្មក្នុងសកម្មភាពទប់ស្កាត់ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត  ត្រូវធ្វើការចិញ្ចឹមត្រី ចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ និងបង្កើនការដាំដំណាំបន្លែ ទៅតាមបច្ចេកទេស របស់មន្ត្រីជំនាញ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្កើននូវជីវភាព របស់បងប្អូនប្រជាពលរដ្ឋកើនឡើងបន្ថែមមួយកម្រិតទៀត។

តាមការបញ្ជាក់ ពីលោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី អាងស្តុកទឹកទំនប់លើនេះ មានទំហំ៣ហិចតា មានវិសាលភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ ដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ   ហើយក៏ជាជម្រកត្រីសម្រាប់ពងកូន នឹងមានអត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការចូលរួមចំណែកបម្រើដល់វិស័យទេសចរណ៍ ដូចជា៖ ការស្ទូចត្រី លំហែកម្សាន្តជាដើម៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner