រូបិយប័ណ្ណតួកគី Lira ធ្លាក់ចុះធ្វើឱ្យមានការងឿងឆ្ងល់ និងកំហឹងពីបក្សប្រឆាំង

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​ប័ណ្ណ​លីរ៉ា​(Lira) ​រហូត​ដល់​ ១៥​ ភាគ​រយ​ធៀប​នឹង​ប្រាក់​ដុល្លារ​កាលពី​ថ្ងៃ​អង្គារ​ បង្ករ​ឱ្យ​មាន​ការ​ងឿង​ឆ្ងល់​ក្នុង​ចំណោម​ប្រជាជន​តួកគី​ និង​កំហឹង​ពី​គណបក្ស​ប្រឆាំង​របស់​ប្រទេស​ដែល​និយាយ​ថា​តួកគី​កំពុង​ជួប​ប្រទះ​មហន្តរាយ​ដ៏​ខ្មៅ​ងងឹត​របស់​ខ្លួន​។​

​​លោក​ Kemal Kilicdaroglu ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​សាធារណៈ​រដ្ឋ​ ដែល​​ស្តី​បន្ទោស​ការ​ធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​លើ​លោក​ប្រធានាធិបតី​ Tayyip Erdogan ​លើកឡើង​​ថា​៖​ «​មិន​មាន​គ្រោះ​មហន្តរាយ​បែប​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាធារណ​រដ្ឋ​នោះ​ទេ​។​ នៅ​ចំណុច​នេះ​ អ្នក​[Erdogan]​​ជា​​បញ្ហា​​សន្តិ​សុខ​​ជាតិ​​ជា​​មូលដ្ឋាន​​សម្រាប់​​សាធារណរដ្ឋ​​តួកគី​»​។​

​លោក​​ Erdogan ​​ដាក់​សម្ពាធ​ដល់​ធនាគារ​កណ្តាល​ឱ្យ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ ​ក្នុង​សកម្មភាព​ដែល​លោក​និយាយ​ថា​នឹង​ជំរុញ​ការ​នាំ​ចេញ​ ការ​វិនិយោគ​ និង​ការងារ​។​ ប៉ុន្តែ​អ្នក​រិះគន់​និយាយ​ថា​វា​នឹង​ជំរុញ​ឱ្យ​មាន​កំណើន​អតិផរណាកាន់​តែ​ខ្លាំង​​​ និង​​ធ្វើ​​ឱ្យ​​ប្រាក់ ​​Lira ​ធ្លាក់​ចុះ​យ៉ាងជ្រៅធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ប្រជាជន​តួកគី​។​

​អ្នក​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​កណ្តាល​ទី​ក្រុង​អង់ការ៉ា​​និយាយ​ថា​ ពួកគេ​មិន​អាច​ដក​ភ្នែក​ចេញ​ពី​អត្រា​ប្រាក់​លីរ៉ា ​ដែល​​ធ្លាក់​ចុះ​​ ១៣,៤៥ ​ក្នុង​មួយ​ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ទេ​​​។ ​អត្រា​ប្រាក់​លីរ៉ា​ឡើង​​ដល់​ ៨ ​​ក្នុង​មួយ​ដុល្លារ​កាល​​​​​​ឆ្នាំ​​មុន​, ​៩ ​ក្នុង​មួយ​ដុល្លារ​កាល​​​​​ខែ​មុន​ និង​​ ១០ ​ក្នុង​មួយ​ដុល្លារ​កាល​​​​​ខែ​មុន​។​

បុគ្គលិក​ទីភ្នាក់ងារ​ផ្សាយពាណិជ្ជកម្ម​វ័យ ​២៨ ​ឆ្នាំ​ម្នាក់​ ឈ្មោះ ​Selin ​​និយាយ​ថា​៖​ «​ខ្ញុំ​មិន​អាច​ធ្វើ​ការ​ដោយ​មិន​​តាម​ដាន​ប្រាក់​ដុល្លារ​ទេ​។​ ខ្ញុំ​មើលលុ​យ​ក្នុង​កាបូប​ខ្ញុំ​រាល់​ថ្ងៃ​ ហើយ​ធ្វើ​​ការ​​គណនា​ពី​តម្លៃ​ប្ដូរ​ប្រាក់​យ៉ាង​ហោច​ណាស់​ ១០០ ​ដង​​ទម្រាំ​​បើក​​ប្រាក់​​​ខែ​​​​។​​ ​សូម្បី​តែ​ទិញ​ក្រដាស​អនាម័យ​ដាក់​បន្ទប់​ ក៏​ខ្ញុំ​ត្រូវ​តែ​គិត​ឱ្យ​មាន​បាន​ហ្មត​ចត់​ដែរ​»​។​

​អតីត​នាយក​រដ្ឋ​មន្ត្រី​តួកគី​លោក​ Ahmet Davutoglu ​ដែល​ជា​សមាជិក​ស្ថាបនិក​នៃ​គណបក្ស A​K ​​កាន់​អំណាច​របស់​លោក​ Erdogan ​ហើយ​បន្ទាប់​មក​បែក​ចេញ​បង្កើត​គណបក្ស​ផ្ទាល់​ខ្លួន​​ហៅ​វិធានការ​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​ថា​ជា​ «​ការ​ក្បត់​ជាតិ ​និង​មិន​មែន​ជា​ភាព​ល្ងង់​ខ្លៅ​ទេ​»​។​

​លោក​ Kilicdaroglu ​និង​លោក​ Davutoglu ​និង​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន​ផ្សេង​ទៀត​​ ប្រកាស​កិច្ច​ប្រជុំ​​បន្ទាន់​ដើម្បី​ពិភាក្សា​អំពី​រូបិយប័ណ្ណ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ជា​ការ​ធ្លាក់​ចុះ​ដ៏​ធំ​បំផុត​ទីពីរ​របស់​រូបិយប័ណ្ណ​លីរ៉ា​មិន​ធ្លាប់​មាន​​​។​

លោក​​ Erdogan ​​​ការពារ​​គោល​​នយោបាយ​​របស់​​លោក​​កាល​​ពី​​ល្ងាច​​ថ្ងៃ​​ចន្ទ​​ ហើយ​​​​លើកឡើង​ថា​ អត្រា​​ខ្ពស់​​នឹង​​មិន​​​ធ្វើ​​​ឱ្យ​​អតិផរណា​ធ្លាក់​ចុះ​នោះ​ទេ​ ដែល​ជា​ទស្សនៈ​ខុស​ប្រក្រតី​ដែល​លោក​ធ្វើ​ម្តង​ទៀត​អស់​ជា​ច្រើន​ឆ្នាំ​។​ ​

លោក​​ពោលបែបនេះ​​ថា​៖​ «​ខ្ញុំ​ច្រាន​ចោល​គោល​នយោបាយ​ណា​ដែល​បំបែក​ប្រទេស​របស់​យើង​ និធ្វើ​ឱ្យ​​ចុះ​ខ្សោយ ​ ថ្កោល​ទោស​ប្រជាជន​​​ចំពោះ​ភាព​អត់​ការងារ​ធ្វើ​ ភាព​អត់​ឃ្លាន​ និង​ភាព​ក្រី​ក្រជាដើម​​​​»​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner