វិបត្តិកូវីដ៖បណ្តាប្រទេសអ្នកមានចាប់ផ្ដើមប្រកាសរកកម្មករចំណាកស្រុកឱ្យមកធ្វើការនៅប្រទេសខ្លួន
ខណៈពេល ដែលប្រទេសនានាលើពិភពលោកចាប់ផ្ដើមស្ដារសេដ្ឋកិច្ចឡើងវិញ បណ្ដាប្រទេសអ្នកមានជាច្រើន កំពុងស្វែងរកកម្មករចំណាកស្រុក ដែលមានជំនាញជុំវិញពិភពលោក ដើម្បីឱ្យមកធ្វើការនៅប្រទេសខ្លួន។ នេះបើតាមឱ្យដឹងពីសារព័ត៌មានញូយ៉កថាមស៍។
តួរយ៉ាងដូចនៅអាឡឺម៉ង់ ដែលជាប្រទេសត្រូវការជនអន្តោប្រវេសន៍ថ្មីចំនួន ៤០ ម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីបំពេញការងារក្នុងវិស័យរាប់ ចាប់ពីវិស័យអប់រំដល់វិស័យគ្រឿងម៉ាស៊ីន ច្បាប់អន្តោប្រវេសន៍ថ្មីផ្តល់នូវការពន្លឿនទិដ្ឋាការការងារ និងរយៈពេល ៦ ខែ ដើម្បីទស្សនា និងស្វែងរកការងារនៅប្រទេសនេះ។
ដោយឡែក ប្រទេសកាណាដា គ្រោងនឹងផ្តល់កន្លែងស្នាក់នៅដល់ជនអន្តោប្រវេសន៍ថ្មីចំនួន ១,២ លាននាក់នៅឆ្នាំ ២០២៣។ ហើយថ្មីៗនេះដែរ អ៊ីស្រាអែល បានបញ្ចប់កិច្ចព្រមព្រៀងមួយ ដើម្បីនាំយកបុគ្គលិកថែទាំសុខភាពពីប្រទេសនេប៉ាល់ទៅប្រទេសនេះ។ នៅក្នុងប្រទេសអូស្ត្រាលីវិញ បន្ទាប់ពីបិទព្រំដែនបិទជិត ២ ឆ្នាំ រដ្ឋាភិបាល មានបំណងចង់បង្កើនចំនួនជនអន្តោប្រវេសន៍ប្រហែល ២ ដងឱ្យចូលប្រទេសក្នុងឆ្នាំបន្ទាប់។
ការជំរុញជាសាកលនេះ គឺដើម្បីទាក់ទាញកម្មករបរទេស ដែលមានជំនាញ ជាពិសេសអ្នក ដែលមានកម្លាំងពលកម្មរាងកាយ និងបណ្ឌិតរូបវិទ្យា មានគោលបំណងចង់ស្ដារសេដ្ឋកិច្ច និងជំនាញរបស់ខ្លួនក្រោយវិបត្តិដ៏អាក្រក់មួយនេះ។
វិបត្តិកូវីដ បានជំរុញមនុស្សជាច្រើនឱ្យចូលនិវត្តន៍ លាលែងពីតំណែង ឬគ្រាន់តែមិនចូលធ្វើការវិញ។ ប៉ុន្តែឥទ្ធិពលរបស់វា គឺកាន់តែអាក្រក់ជាងនេះ។ ដោយសារវិធានបិទខ្ទប់ ហើយមនុស្សនានាមិនអាចធ្វើដំណើរទៅណាបាន ជំងឺរាតត្បាតបានធ្វើឱ្យអតុល្យភាពប្រជាសាស្រ្តរបស់មនុស្សជាតិកាន់តែច្បាស់ ប្រទេសអ្នកមានចំនួនជនវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័ស និងកម្មករវ័យក្មេងតិចពេក ខណៈ ដែលប្រទេសមធ្យម និងក្រីក្រ មានមនុស្សវ័យក្មេងច្រើនតែខ្វះការងារ។
វិធីសាស្រ្តថ្មី ដើម្បីដោះស្រាយភាពមិនស៊ីសង្វាក់គ្នានោះ អាចមានឥទ្ធិពលលើការជជែកដេញដោលជុំវិញពិភពលោកជុំវិញការធ្វើអន្តោប្រវេសន៍។ រដ្ឋាភិបាលអឺរ៉ុបនៅតែមានការខ្វែងគំនិតគ្នាអំពីរបៀបដោះស្រាយរលកថ្មីនៃអ្នកស្វែងរកសិទ្ធិជ្រកកោន។
ដូចនៅសហរដ្ឋអាមេរិក គោលនយោបាយអន្តោប្រវេសន៍ភាគច្រើននៅតែជាប់គាំង ដោយសារផ្តោតលើបញ្ហាព្រំដែនម៉ិកស៊ិក ជាកន្លែងដែលការឃុំខ្លួនជនចំណាកស្រុកដ៏ខ្ពស់បំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសអភិវឌ្ឍន៍ជាច្រើន កំពុងបង្កើតកម្មវិធីដ៏សប្បុរស មានប្រសិទ្ធភាព និងទំនើបជាងមុន ដើម្បីនាំយកកម្មករបរទេសមក និងជួយពួកគេឱ្យក្លាយជាផ្នែកអចិន្ត្រៃយ៍នៃសង្គមរបស់ខ្លួន។
លោក Jean-Christophe Dumont ប្រធានផ្នែកស្រាវជ្រាវការធ្វើចំណាកស្រុកអន្តរជាតិសម្រាប់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (O.E.C.D) បាននិយាយថា៖ «វិបត្តិកូវីដ គឺជាអ្នកបង្កើនល្បឿននៃការផ្លាស់ប្តូរនេះ។ ប្រទេសនានា ត្រូវតែដឹងពីសារៈសំខាន់នៃចំណាកស្រុក និងជនអន្តោប្រវេសន៍»។
ជំងឺរាតត្បាត បាននាំឱ្យមានការផ្លាស់ប្តូរសំខាន់ៗជាច្រើននៅក្នុងពិភពលោក។ វាបានពន្យឺតការធ្វើចំណាកស្រុក។ វាបានបង្កើតការប្រកួតប្រជែងកាន់តែច្រើនសម្រាប់ «ក្រុមមនុស្សឌីជីថល» ខណៈ ដែល ប្រទេសជាង ៣០ រួមទាំង ប្រទេស បាបាដូស ក្រូអាត និងអារ៉ាប់រួម បានបង្កើតកម្មវិធី ដើម្បីទាក់ទាញបុគ្គលិកផ្នែកបច្ចេកវិទ្យាចល័តក៏ដោយ។ កម្មវិធីនេះ បាននាំឱ្យមានការបន្ធូរបន្ថយជាទូទៅនៃច្បាប់ស្តីពីការងារ សម្រាប់ជនបរទេស ដែលបានចំណាកស្រុករួចហើយ។
ប្រទេសជាច្រើន រួមទាំងបែលហ្ស៊ិក ហ្វាំងឡង់ និងក្រិច បានផ្តល់សិទ្ធិការងារដល់ជនបរទេស ដែលបានមកដល់ដោយប្រើប្រាស់ប្រភេទទិដ្ឋាការនិស្សិត ឬ ទិដ្ឋាការផ្សេងទៀត។ ប្រទេសមួយចំនួន ដូចជា នូវែលសេឡង់ ក៏បានបន្តទិដ្ឋាការការងារបណ្តោះអាសន្ន ដោយគ្មានកំណត់ ខណៈពេល ដែលប្រទេសអាល្លឺម៉ង់ បានចេញនូវច្បាប់អន្តោប្រវេសន៍ថ្មីរបស់ខ្លួន បានពន្លឿនដំណើរការទទួលស្គាល់សម្រាប់គុណវុឌ្ឍិវិជ្ជាជីវៈបរទេស។
ចំណែកឯជប៉ុន ប្រទេសមានការអភិវឌ្ឍន៍លឿន និងធ្លាប់ទប់ទល់នឹងការធ្វើអន្តោប្រវេសន៍ បច្ចប្បន្ននេះរដ្ឋាភិបាល បានអនុញ្ញាតឱ្យកម្មករបណ្តោះអាសន្ននិងតែងតែផ្លាស់ប្តូរនិយោជក និង រក្សាឋានៈរបស់ពួកគេផងដែរ។
នៅបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿន វិធានការអន្តោប្រវេសន៍ ត្រូវបានដាក់ឱ្យអនុវត្ត រួមមាន ការបន្ថយឧបសគ្គក្នុងការចូលសម្រាប់ជនអន្តោប្រវេសន៍ ដែលមានសមត្ថភាព ការធ្វើទិដ្ឋាការជាឌីជីថល ដើម្បីកាត់បន្ថយការងាររត់ឯកសារ ការបង្កើនតម្រូវការប្រាក់បៀវត្សរ៍ ដើម្បីកាត់បន្ថយការកេងប្រវ័ញ្ចប្រាក់ឈ្នួល និងការគាបសង្កត់ប្រាក់ឈ្នួល និងការសន្យាផ្លូវទៅកាន់ស្ថានភាពអចិន្ត្រៃយ៍ សម្រាប់កម្មករ ដែលត្រូវការបំផុតផងដែរ។